ភាពជោគជ័យ និងការតស៊ូរបស់ស្រ្ដីជនជាតិដើមព្រៅក្នុងការអប់រំ
សយ ពិសី ជាកូនជនជាតិដើមព្រៅមកពីភូមិភាគឦសាននៃខេត្ដរតនគិរី។ ពិសី បានរស់ធំធាត់នៅក្នុងគ្រួសារមួយដែលមានការបែកបាក់គ្នា ដោយនាងបានរស់នៅជាមួយម្ដាយ ដែលពេលនោះម្ដាយជាអ្នកទទួលបន្ទុកច្រើនទាំងផ្នែកវប្បធម៌ដោយមានការមើលងាយទៅលើគាត់ជាស្រ្ដីមេម៉ាយ និងគាត់ជាអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុដើម្បីផ្គត់ផ្គត់ក្នុងគ្រួសារទាំងមូល។
អំឡុងពេលនោះ អ្វីពិបាកជាងគេ គឺនាងស្ទើរតែមិនអាចបន្ដការសិក្សាបាន ដោយសារតែម្ដាយសម្រេចចិត្ដត្រូវធ្វើស្រែចម្ការ តាមលទ្ធភាពដែលអាចធ្វើបាន ឬរស់នៅក្នុងតំបន់មួយទ្រាំរកថវិកា ដើម្បីផ្គត់ផ្គង់ការសិក្សាដល់កូនចំនួន៣នាក់។ ទន្ទឹមនឹងនោះ ខេត្ដរតនគិរីក៏មានការលំបាកស្វែងរកសាលារៀនទាំងចំណេះដឹងទូទៅ សាលាភាសាអង់គ្លេសក៏មិនមានច្រើនដែរសម្រាប់ពិសីសិក្សា។
ទោះជានាងជួបឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏ពិសីនៅតែបន្ដជម្នះដោយមានជម្រុញចិត្ដយ៉ាងខ្លាំងពីម្ដាយរបស់ខ្លួនដែលចង់អោយកូនមានចំណេះដឹង និងជំនាញ ដើម្បីផ្លាស់ប្ដូរជីវិតនៅថ្ងៃអនាគត។
ពិសី បានយកឧបសគ្គរបស់ខ្លួន ជាចំណុចវិជ្ជមានដើម្បីជំរុញទឹកចិត្តខ្លួនឯង តស៊ូពុះពារ ក្នុងការស្វែងរកអាហារូបករណ៍ដើម្បីទៅសិក្សានៅបរទេស។ ដោយសារតែការខិតខំប្រឹងប្រែង រហូតនាងបានទទួលអាហារូបករណ៍សិក្សាកម្រិតវិទ្យាល័យប្រទេសន័រវេសចាប់តាំងពីឆ្នាំ២០១៤ ដែលបានបញ្ចប់នៅឆ្នាំ ២០១៦។
អាហារូបករណ៍នេះ ត្រូវបានផ្ដល់ដោយអង្គការក្រៅរដ្ឋាភិបាលសហការជាមួយសាលានៅប្រទេសន័រវេស នេះបើតាមការលើកឡើងរបស់នាងជាមួយកម្មវិធីសំឡេងជនជាតិដើមភាគតិចកម្ពុជា។
បន្ទាប់ពីបានបញ្ចប់កម្រិតវិទ្យាល័យទៅសិក្សានៅប្រទេសន័រវែស នាងបានបន្ដកម្រិតឧត្តមសិក្សា ជំនាញការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) នៅសាកលវិទ្យាល័យមេតូឌីស (Methodist University) សហរដ្ឋអាមេរិក។
ពីសី បានក្លាយជាស្ត្រីជនជាតិដើមភាគតិចព្រៅដំបូង ដែលទទួលបានឱកាសទៅសិក្សានៅប្រទេសន័រវេស និងសហរដ្ឋអាមេរិក ដោយបានទម្លុះកញ្ចក់នៃឧបសគ្គរួចមកហើយ នៅពេលដែលនាងឆ្លងកាត់ការរឿងគ្រួសារ រួមទាំងមានការលំបាកផ្នែកហិរញ្ញវត្ថុ និងឧបសគ្គវប្បធម៌នៅក្នុងសហគមន៍។
ក្នុងដំណើរឈោងចាប់យកការអប់រំ ពិសីមានក្តីស្រម៉ៃ ចង់បញ្ចប់វដ្តនៃភាពក្រីក្រក្នុងគ្រួសាររបស់ខ្លួន អមជាមួយនឹងគោលដៅចូលរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសហគមន៍របស់ខ្លួនទៅលើការសិក្សាផងដែរ។ ពិសីបានតស៊ូជម្នះផ្នត់គំនិតស្រ្ដីវិលចង្រ្កានមិនជុំ និងទទួលជោគជ័យក្នុងការអប់រំតាមសុបិន្ដរបស់ខ្លួន។
បច្ចុប្បន្ន ពិសី កំពុងបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើរឿងអប់រំដល់កុមារ និងយុវជននៅតាមសហគមន៍ តាមអ្វីដែលនាងធ្លាប់ប៉ងប្រាថ្នា ដើម្បីជួយលើកកម្ពស់ការអប់រំដល់ជនជាតិដើមភាគតិច។
ជាចុងក្រោយ ពិសី បានលើកជាសំណូមពរអោយស្រ្ដីជនជាតិដើមភាគតិច សម្រាប់អ្នកកំពុងសិក្សា ត្រូវប្រឹងប្រែងសិក្សា ត្រូវដាក់គោលដៅរបស់ខ្លួនឲ្យបានច្បាស់លាស់ បើទោះបីជាគាត់មិនទាន់មានគោលអាជីពការងារ ក៏គាត់គួរដាក់គោលដៅត្រឹមចប់ទី១២ ព្រោះនៅពេលដែលគាត់ចប់ទី១២ គឺគាត់នឹងមានការសម្រេចចិត្ដ ជម្រើសរបស់គាត់កាន់តែទូលាយ ទៅការចាប់យកអាជីពការងារ ឬសិក្សាបន្ដរៀនបរិញ្ញាបត្រ។ ហើយសំណូមពរមួយទៀត សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅតាមសាកលវិទ្យាល័យនានា ឬសិក្សាជំនាញនៅតាមវិទ្យាស្ថានណាមួយក៏ដោយ ឬកន្លែងណាក៏ដោយ បើមានគាត់មានឱកាសបានរៀនសូត្រហើយ សុំឲ្យគាត់បន្ដការសិក្សាឲ្យបានចប់ចុងចប់ដើម ទោះជាបីគាត់មានការផ្លាស់ប្ដូរគោលដៅឬយ៉ាងក៏ដោយ។