ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក «ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ដ»

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា

0 126

ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក

«ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ដ»

 

នៅពាសពេញសកលលោក នៅរៀងរាល់ឆ្នាំក្នុងថ្ងៃទី៩ សីហា ជាពេលវេលាដ៏រីករាយ និងអធិកអធមបំផុតសម្រាប់ជនជាតិដើមភាគតិចដើម្បីចូលរួមអបអរសាទរនិងប្រារព្ធទិវាអន្តរជាតិពិភពលោករបស់ខ្លួនស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេនៅសឹងគ្រប់បណ្ដាប្រទេសដែលមានជនជាតិដើមរស់នៅជាអចិន្ត្រៃយ៍។ គួរកត់សម្គាល់ទិវានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដោយបានកំណត់យកថ្ងៃទី​៩ សីហា ជាទិវាអន្តរជាតិពិភពលោករបស់ជនជាតិដើមភាគតិច តាមរយៈសេចក្ដីប្រកាសលេខ ៤៩/២១៤ ដែលចុះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ១៩៩៤។ 

(រូបភាពពីមណ្ឌលគិរី)

បើរាប់តាំងពីថ្ងៃប្រកាសរបស់ អ.ស.ប គិតត្រឹមឆ្នាំ២០២៤ នេះជាលើកទី៣០ ដែលបានប្រារព្ធនៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ សម្រាប់ប្រទេសកម្ពុជា ដោយមានក្រសួងអភិវឌ្ឍជនបទ សហការជាមួយអង្គការ សមាគមបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំទិវាជាលើកទី២០ (២០២៤) ហើយសម្រេចរៀបចំទិវាជាលើកទី១ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៥ ហើយក៏បានរៀបចំជាបន្តបន្ទាប់រហូតមកបច្ចុប្បន្ន។ 

គោលដៅរួមនៃការប្រារព្ធទិវាអន្ដរជាតិជនជាតិដើមនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទិសដៅដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងវិស័យសំខាន់ៗដូចជាវិស័យ វប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាដើម។ លើសពីនេះទៀតជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍សហការគ្នាដើម្បីធានាប្រសិទ្ធភាពការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិរក្ស។

(រូបភាពពីខេត្ដរតនគិរី លោក សេវ សីហា)

លោក រដ្ឋ លក្ខិណា បានរៀបរាប់ថានៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួនថា ការរៀបចំទិវានេះ មានគោលបំណងដើម្បីរម្លឹកដល់បុព្វបុរស ដូចតា និងអ្នកតស៊ូជនជាតិដើមភាគតិច ដែលបានតស៊ូ ពុះពារ ដើម្បីការពារ ទាមទារការគោរព សិទ្ធិសេរីភាព និងការទទួលស្គាល់ការរស់ដោយជនជាតិដើមភាគតិច។ ទិវានេះក៏បានផ្តល់ឱកាស ឱ្យសហគមន៍ ចាស់ទុំ យុវជន បានចូលរួម ចែករំលែកនូវចំណេះដឹង អត្តសញ្ញាណ ការកម្សាន្តសប្បាយផ្សារភ្ជាប់វប្បធម៌ប្រពៃណី។

នៅក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាគ្រោងនឹងប្រារព្ធទិវាក្រោមមូលបទ «ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ដ» នៅទីរួមខេត្ដបាត់ដំបង និងព្រះវិហារ។ ប្រធានបទឆ្នាំនេះ ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់សិទ្ធិការរស់នៅតាមបែបប្រពៃណីជនជាតិដើមភាគតិច ស្របតាមទំនៀមទម្លាប់ វប្បធម៌ និងស្ថានភាពរបស់ជនជាតិដើមភាគតិច។ លើសពីនេះ ព្រឹត្តិការណ៍​នេះ​មាន​សារៈ​សំខាន់​ព្រោះ​វា​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​តម្លៃ​ជនជាតិ​ដើម​ភាគតិច ទំនៀមទម្លាប់ និងវប្បធម៌ ហើយ​វា​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​ដើម​ភាគតិច និង​ផ្តល់​ជូនឱកាស និងសេរីភាពនៃការបញ្ចេញមតិទាក់ទងនឹងការអភិវឌ្ឍន៍គ្រប់វិស័យ តាមរយៈគម្រោងផ្សេងទៀត។

«យុវជនជនជាតិដើមភាគតិច គឺជាតួអង្គសំខាន់ក្នុងការបន្តវេនពីចាស់ទុំ ដើម្បីចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ជំនឿ ភាសា ទំនៀមទម្លាប់ ជានិរន្តភាព» នេះសាររបស់ វន ចន្ថា យុវជនជនជាតិដើមកួយ។

 

Leave A Reply

Your email address will not be published.