ករណី​ពុល​ផ្ទុះឡើង​វិញ​នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​មាស​ចិន​​ធ្វើ​ឲ្យ​២​នាក់​ស្លាប់ និង​ជិត​៥០​នាក់​ឈឺ

0 200

ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ២​នាក់​បាន​ស្លាប់ និង ៤៨​នាក់​ទៀត បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ស្រា​ស។ ក្រោយពី​កើត​មាន​បាតុភាព​នេះ ក្រសួង​សុខាភិបាល​បាន​ទម្លាប់​កំហុស​លើ​ការ​ទទួល​ទាន​ស្រា​ស​យ៉ាង​លឿន ទំនង​បង្វែរ​សំណុំ​រឿង​នេះ ខ្លាច​ប៉ះពាល់​របរ​រកស៊ី​ក្រុមហ៊ុន​ចិន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ជីវិត​រស់នៅ​របស់​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​អាជីវកម្ម​រ៉ែ​មាស ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី កំពុង​ឋិត​ក្នុង​ភាព​ផុយ​ស្រួល និង​ហានិភ័យ​នៅ​ឡើយ ខណៈ​ដែល​អាជ្ញាធរ​របប លោក ហ៊ុន សែន គ្មាន​វិធានការ​ម៉ឺងម៉ាត់​ណាមួយ ធានា​សុខុមាលភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​នៅឡើយ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយពី​ពលរដ្ឋ​រស់នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ចំនួន ២​នាក់​ទៀត​បាន​ស្លាប់ និង​ជិត ៥០​នាក់ ឈឺ ដែល​អាជ្ញាធរ​សង្ស័យ​ថា ពុល​ស្រា​ស។

ពលរដ្ឋ​រងគ្រោះ​ពុល​ទឹក​ព្រែក​ទេរ រស់នៅ​ឃុំ​កន្ទួតស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ កក្កដា​ថា ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ជា​កសិករ​ធ្វើ​ចម្ការ នៅ​តំបន់​ភ្នំ​ព្រេច និង​នៅ​ម្ដុំភ្នំ​ទួលព្រេច ព្រោះ​រដូវវស្សា​ឆ្នាំនេះ ពួកគេ​បាន​ចាក​ចេញពី​លំនៅឋាន ទៅ​ធ្វើ​ស្រែចម្ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ អាច​ប្រើប្រាស់​ទឹកអូរ​មាន​ជាតិពុល ខណៈ​តំបន់​នោះ​សំបូរ​ដោយ​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស។ លោក​កត់សម្គាល់​ថា នៅ​ខេត្ត​ក្រចេះ​ឲ្យ​តែ​កើតមាន​បាតុភាព​ពុល​ម្តងៗ អាជ្ញាធរ​តែងតែ​ទម្លាក់កំហុស​លើ​ការ​ទទួល​ទាន​ស្រា​ស ហើយ​កុមារ​ជិត ១​រយ​នាក់ ដែល​មិន​ចេះ​បរិភោគ​ស្រា​ស​ក៏​ធ្លាប់​ទទួលរង​គ្រោះ​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នកភូមិ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ៖ «កន្លែង​ចិន​វា​ធ្វើ​ធំ​ដែរ អ៊ីចឹង​បញ្ហា​ហ្នឹង​វា​មូល​តែម្ដង ការ​ពុល​ហ្នឹង​ពុំ​មែន​នេះ​ទេ មកពី​ទឹកតែ​ម្ដង​តាម​មើល​ទៅ​។ ប៉ះពាល់​ដល់​ស្រា​ស ហើយ​ផុត​ពី​ស្រា​ស​ហើយ​ថា ពុល​ស្រា​ស​ទៀត ខ្ញុំ​ដូច​ឆ្ងល់»។

បុរស​ដដែល​បន្ថែម​ថា នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល មាន​ទីតាំង​អាជីវកម្ម​រ៉ែ​មាសធំ​មួយ​កន្លែង បាន​ដំណើរ​ធ្វើ​អាជីវកម្ម​ជា​យូរ​មក​ហើយ និង​មាន​សន្តិសុខ​យាម​យ៉ាង​តឹងរ៉ឹង។ តំបន់​រ៉ែ​មាស​ទាំងនោះ ឋិត​នៅ​ចង្កេះភ្នំ​គូស ជាប់​អូរគគីរ និង​អូរ​ចឹង ដែល​មាន​បណ្ដាញ​ទឹក​ហូរ​ឆ្ពោះ​មក​ព្រែក​ទេរ ធ្លាក់​មក​កាន់​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ។

អភិបាលស្រុក​ស្នួល លោក គង់ គឹមនី បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​ទូរស័ព្ទ​ចូល។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោក វេជ្ជបណ្ឌិត លី សុវ៉ាន់ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ពុំ​មាន​អ្នកទទួល។ តែ​យ៉ាងណា​លោក​ប្រាប់​អ្នក​កាសែត​ក្នុងស្រុក​ថា ពលរដ្ឋ​មាន​អាការៈ​ពុល​នេះ មាន​រោគ​សញ្ញា​ស្រា​ស។ លោក​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ពិសោធន៍​នៅ​ថ្នាក់​ជាតិ ដើម្បី​បញ្ជាក់​កាន់តែ​ច្បាស់។

ចំណែក​អធិការ​ស្រុក​ស្នួល លោក ចាន់ សុខគីង បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ព្រោះ​លោក​កំពុង​ចុះ​បេសកកម្ម​ស្រាវជ្រាវ​ករណី​ពុល​នេះ៖ «សូម​ទាក់ទង​ទៅ​សុខាភិបាល​គេ ខ្ញុំ​កំពុង​ចុះ​ធ្វើ​កិច្ចការ​ងារ​នៅ​ខាងក្នុង កំពុង​ភ្លៀង​ខ្លាំង​ផង»។

ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អាជីវកម្ម​រ៉ែ​មាស រ៉ុង ឆេង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​បិទ​អាជីវកម្ម​ក្រុមហ៊ុន​ចិន រ៉ុងឆេង ទេ នឹង​បង្ក​ឲ្យ​ពលរដ្ឋ​ស្លាប់ និង​រងគ្រោះ​ឥត​ឈប់ឈរ ហើយ​អាជ្ញាធរ​នៅតែ​រក​លេស​យក​រួចខ្លួន​មិន​ទទួលខុសត្រូវ​ដដែលៗ។ លោក​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន ៣ នៅតែ​មិន​អាច​ទទួលទាន​ទឹកអូរ​ធម្មជាតិ​បាន ព្រោះ​មាន​សារធាតុពុល ដោយសារ​ក្រុមហ៊ុន​ចិន​បង្ហូរ​កាកសំណល់​គីមី​ចូល បង្ក​ឲ្យ​អ្នកភូមិ​លំបាក​វេទនា៖ «នៅ​តែ​បន្ត​ធ្វើការ​ចុច​រំសេវ​ផ្ទុះ​ថ្ម រាល់ថ្ងៃ​ហ្នឹង​បង។ អ្នកណា​ដែល​ហ៊ាន​និយាយ​ខ្លាំង​រឿង​ហ្នឹង ដឹង​តែ​មាន​បញ្ហា​តែម្ដង បើ​មិន​មាន​ការ​គំរាមកំហែង​ក៏​គាបសង្កត់​ការ​រកស៊ី​របស់​គ្នា​ដែរ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​រងគ្រោះ​ពុល​ស្រា​ស និង​ពុល​ទឹក​ព្រែក​ក្តី ក៏​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​ការពារ​ចៀសវាង​កុំ​ឲ្យ​មាន​បាតុភាព​នេះ​កើតមានឡើង​ដដែលៗ នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ពី​សុខុមាលភាព និង​ជីវិត​រស់នៅ។ លោក​នៅតែ​ទទូច​ឲ្យ​របប​ក្រុងភ្នំពេញ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ ចៀសវាង​សន្និដ្ឋាន​លឿន មក​លើ​ស្រា​ស៖ «ទោះបីជា​ហេតុផល​ណា​ក៏​ដោយ ក៏​យើង​នៅតែ​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ស៊ីជម្រៅ ត្រូវ​ពិនិត្យមើល​តម្រុយ​ផ្សេងៗ រឿង​ពុល​ទឹក និង​ស្រា​ស​ក្តី សុទ្ធតែ​ជ្រុង​ឲ្យ​មាន​ការ​ស៊ើបអង្កេត។ ពលរដ្ឋ​នៅតែ​បារម្ភ​អាច​ពុំ​មាន​សុវត្ថិភាព ព្រោះ​បរិយាកាស​ជុំវិញ​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច»។

កាលពីដើម​ឧសភា​កន្លងទៅ ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជិត ២០​នាក់ បាន​ស្លាប់ និង​ជាង ៣០០​រយ​នាក់​ឈឺ ដោយសារ​ពុល​ទឹកអូរ និង​ទឹក​ព្រែកទេរ ដែល​ក្រុមហ៊ុន​រ៉ែ​មាស​ខុសច្បាប់​ទាំង​នោះ បង្ហូរ​កាកសំណល់​គីមី​ចូល​ក្នុង​ទឹក។ ចំណែក​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៣ បាន​បញ្ជាក់​រួមគ្នា​ថា ពលរដ្ឋ​ពុល​បង្ក​ឱ្យ​ស្លាប់ និង​ឈឺ គឺ​បណ្ដាល​មក​ពី​ស្រា​ស និង​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ធ្លាប់​លើកឡើង​ថា លោក​គ្មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របប​លោក ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ការពិត ករណី​ពលរដ្ឋ​ពុល​ស្លាប់​នៅ​ក្រចេះ​នោះ​ទេ បែរជា​ព្យាយាម​បង្វែរ​សំណុំ​រឿង​នេះ​ព្រោះ​ខ្លាច​ប៉ះពាល់​របប​រកស៊ី​ក្រុមហ៊ុន​ចិន។ លោក​កត់សម្គាល់​ថា កន្លងទៅ​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​អាជីវកម្ម​រ៉ែ ប៉ះពាល់​អាយុជីវិត​ពលរដ្ឋ និង​បរិស្ថាន មិនដែល​ឃើញ​មាន​ស្ថាប័ន​ណាមួយ​រក​អ្នក​ពាក់ព័ន្ធ​មក​ទទួលខុសត្រូវ​នោះ​ទេ៕

 

ប្រភព៖ https://www.rfa.org/khmer/news/environment/govt-said-poisoned-at-Kratie-by-drinking-wine-07152018051556.html

Leave A Reply

Your email address will not be published.