ករណីពុលផ្ទុះឡើងវិញនៅក្បែរអាជីវកម្មរ៉ែមាសចិនធ្វើឲ្យ២នាក់ស្លាប់ និងជិត៥០នាក់ឈឺ
ពលរដ្ឋរស់នៅក្បែរតំបន់អាជីវកម្មរ៉ែមាសក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ២នាក់បានស្លាប់ និង ៤៨នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់សង្ស័យពុលស្រាស។ ក្រោយពីកើតមានបាតុភាពនេះ ក្រសួងសុខាភិបាលបានទម្លាប់កំហុសលើការទទួលទានស្រាសយ៉ាងលឿន ទំនងបង្វែរសំណុំរឿងនេះ ខ្លាចប៉ះពាល់របររកស៊ីក្រុមហ៊ុនចិនកំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់។
មន្ត្រីសង្គមស៊ីវិលបារម្ភពីជីវិតរស់នៅរបស់ពលរដ្ឋដែលរស់នៅក្បែរអាជីវកម្មរ៉ែមាស ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កំពុងឋិតក្នុងភាពផុយស្រួល និងហានិភ័យនៅឡើយ ខណៈដែលអាជ្ញាធររបប លោក ហ៊ុន សែន គ្មានវិធានការម៉ឺងម៉ាត់ណាមួយ ធានាសុខុមាលភាពរស់នៅរបស់ប្រជាជននៅតំបន់នោះនៅឡើយទេ។ ការលើកឡើងនេះ ក្រោយពីពលរដ្ឋរស់នៅភូមិស្នួលកើត ឃុំស្នួល ចំនួន ២នាក់ទៀតបានស្លាប់ និងជិត ៥០នាក់ ឈឺ ដែលអាជ្ញាធរសង្ស័យថា ពុលស្រាស។
ពលរដ្ឋរងគ្រោះពុលទឹកព្រែកទេរ រស់នៅឃុំកន្ទួតស្រុកចិត្របូរី ខេត្តក្រចេះ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៤ កក្កដាថា ពលរដ្ឋរងគ្រោះទាំងនោះជាកសិករធ្វើចម្ការ នៅតំបន់ភ្នំព្រេច និងនៅម្ដុំភ្នំទួលព្រេច ព្រោះរដូវវស្សាឆ្នាំនេះ ពួកគេបានចាកចេញពីលំនៅឋាន ទៅធ្វើស្រែចម្ការនៅឆ្ងាយពីផ្ទះ អាចប្រើប្រាស់ទឹកអូរមានជាតិពុល ខណៈតំបន់នោះសំបូរដោយក្រុមហ៊ុនចិន ធ្វើអាជីវកម្មរ៉ែមាស។ លោកកត់សម្គាល់ថា នៅខេត្តក្រចេះឲ្យតែកើតមានបាតុភាពពុលម្តងៗ អាជ្ញាធរតែងតែទម្លាក់កំហុសលើការទទួលទានស្រាស ហើយកុមារជិត ១រយនាក់ ដែលមិនចេះបរិភោគស្រាសក៏ធ្លាប់ទទួលរងគ្រោះដែរ។ បញ្ហានេះធ្វើឲ្យអ្នកភូមិគ្មានជំនឿលើអាជ្ញាធរស្វែងរកដំណោះស្រាយ៖ «កន្លែងចិនវាធ្វើធំដែរ អ៊ីចឹងបញ្ហាហ្នឹងវាមូលតែម្ដង ការពុលហ្នឹងពុំមែននេះទេ មកពីទឹកតែម្ដងតាមមើលទៅ។ ប៉ះពាល់ដល់ស្រាស ហើយផុតពីស្រាសហើយថា ពុលស្រាសទៀត ខ្ញុំដូចឆ្ងល់»។
បុរសដដែលបន្ថែមថា នៅឃុំស្វាយជ្រះ ស្រុកស្នួល មានទីតាំងអាជីវកម្មរ៉ែមាសធំមួយកន្លែង បានដំណើរធ្វើអាជីវកម្មជាយូរមកហើយ និងមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង។ តំបន់រ៉ែមាសទាំងនោះ ឋិតនៅចង្កេះភ្នំគូស ជាប់អូរគគីរ និងអូរចឹង ដែលមានបណ្ដាញទឹកហូរឆ្ពោះមកព្រែកទេរ ធ្លាក់មកកាន់ទន្លេមេគង្គ ខេត្តក្រចេះ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ដោយលោកបានចុចផ្ដាច់ទូរស័ព្ទនៅពេលទូរស័ព្ទចូល។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលលោក វេជ្ជបណ្ឌិត លី សុវ៉ាន់ តែទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។ តែយ៉ាងណាលោកប្រាប់អ្នកកាសែតក្នុងស្រុកថា ពលរដ្ឋមានអាការៈពុលនេះ មានរោគសញ្ញាស្រាស។ លោកថា មន្ត្រីជំនាញកំពុងធ្វើការពិសោធន៍នៅថ្នាក់ជាតិ ដើម្បីបញ្ជាក់កាន់តែច្បាស់។
ចំណែកអធិការស្រុកស្នួល លោក ចាន់ សុខគីង បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ព្រោះលោកកំពុងចុះបេសកកម្មស្រាវជ្រាវករណីពុលនេះ៖ «សូមទាក់ទងទៅសុខាភិបាលគេ ខ្ញុំកំពុងចុះធ្វើកិច្ចការងារនៅខាងក្នុង កំពុងភ្លៀងខ្លាំងផង»។
ពលរដ្ឋរស់នៅក្បែរតំបន់អាជីវកម្មរ៉ែមាស រ៉ុង ឆេង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ប្រសិនបើអាជ្ញាធរនៅតែមិនបិទអាជីវកម្មក្រុមហ៊ុនចិន រ៉ុងឆេង ទេ នឹងបង្កឲ្យពលរដ្ឋស្លាប់ និងរងគ្រោះឥតឈប់ឈរ ហើយអាជ្ញាធរនៅតែរកលេសយករួចខ្លួនមិនទទួលខុសត្រូវដដែលៗ។ លោកថា មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំចំនួន ៣ នៅតែមិនអាចទទួលទានទឹកអូរធម្មជាតិបាន ព្រោះមានសារធាតុពុល ដោយសារក្រុមហ៊ុនចិនបង្ហូរកាកសំណល់គីមីចូល បង្កឲ្យអ្នកភូមិលំបាកវេទនា៖ «នៅតែបន្តធ្វើការចុចរំសេវផ្ទុះថ្ម រាល់ថ្ងៃហ្នឹងបង។ អ្នកណាដែលហ៊ាននិយាយខ្លាំងរឿងហ្នឹង ដឹងតែមានបញ្ហាតែម្ដង បើមិនមានការគំរាមកំហែងក៏គាបសង្កត់ការរកស៊ីរបស់គ្នាដែរ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បើទោះបីជាពលរដ្ឋរងគ្រោះពុលស្រាស និងពុលទឹកព្រែកក្តី ក៏អាជ្ញាធរត្រូវមានវិធានការទប់ស្កាត់ និងការពារចៀសវាងកុំឲ្យមានបាតុភាពនេះកើតមានឡើងដដែលៗ នាំឲ្យពលរដ្ឋភ័យព្រួយពីសុខុមាលភាព និងជីវិតរស់នៅ។ លោកនៅតែទទូចឲ្យរបបក្រុងភ្នំពេញស៊ើបអង្កេតឲ្យស៊ីជម្រៅ ចៀសវាងសន្និដ្ឋានលឿន មកលើស្រាស៖ «ទោះបីជាហេតុផលណាក៏ដោយ ក៏យើងនៅតែទទូចឲ្យមានការស៊ើបអង្កេតស៊ីជម្រៅ ត្រូវពិនិត្យមើលតម្រុយផ្សេងៗ រឿងពុលទឹក និងស្រាសក្តី សុទ្ធតែជ្រុងឲ្យមានការស៊ើបអង្កេត។ ពលរដ្ឋនៅតែបារម្ភអាចពុំមានសុវត្ថិភាព ព្រោះបរិយាកាសជុំវិញធ្វើឲ្យគាត់ភ័យខ្លាច»។
កាលពីដើមឧសភាកន្លងទៅ ពលរដ្ឋរស់នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជិត ២០នាក់ បានស្លាប់ និងជាង ៣០០រយនាក់ឈឺ ដោយសារពុលទឹកអូរ និងទឹកព្រែកទេរ ដែលក្រុមហ៊ុនរ៉ែមាសខុសច្បាប់ទាំងនោះ បង្ហូរកាកសំណល់គីមីចូលក្នុងទឹក។ ចំណែកក្រសួងពាក់ព័ន្ធចំនួន ៣ បានបញ្ជាក់រួមគ្នាថា ពលរដ្ឋពុលបង្កឱ្យស្លាប់ និងឈឺ គឺបណ្ដាលមកពីស្រាស និងថ្នាំសម្លាប់ស្មៅ និងសត្វល្អិត។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ធ្លាប់លើកឡើងថា លោកគ្មានទំនុកចិត្តលើសមត្ថភាពរបបលោក ហ៊ុន សែន ក្នុងការស្វែងរកការពិត ករណីពលរដ្ឋពុលស្លាប់នៅក្រចេះនោះទេ បែរជាព្យាយាមបង្វែរសំណុំរឿងនេះព្រោះខ្លាចប៉ះពាល់របបរកស៊ីក្រុមហ៊ុនចិន។ លោកកត់សម្គាល់ថា កន្លងទៅក្រុមហ៊ុនមួយចំនួនធ្វើអាជីវកម្មរ៉ែ ប៉ះពាល់អាយុជីវិតពលរដ្ឋ និងបរិស្ថាន មិនដែលឃើញមានស្ថាប័នណាមួយរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវនោះទេ៕