អភិបាលខេត្តស្ទឹងត្រែងសន្យាជាថ្មីថា នឹងនឹងពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋរងគ្រោះទំនប់សេសានក្រោម ២
អាជ្ញាធរខេត្តស្ទឹងត្រែងសន្យាថា នឹងពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២។ ចំណែកមេឃុំស្រែគ លោក សៀក មេគង្គ ចាត់ទុកការសន្យារបស់អភិបាលខេត្តរូបនេះថា ជាការធ្វើដើម្បីទាញប្រជាប្រិយភាពមុនពេលបោះឆ្នោតប៉ុណ្ណោះ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែងនៅចំពោះមុខពលរដ្ឋ ដែលក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ ថា អាជ្ញាធរខេត្តនឹងសាងសង់សាលារៀន ផ្លូវ មណ្ឌលសុខភាព និង ចុះបញ្ជីដីសមូហភាព ជួនពលរដ្ឋដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុន។
ពលរដ្ឋមិនទទួលសំណងពីក្រុមហ៊ុនរស់នៅឃុំក្បាលរមាស ស្រុកសេសាន លោកស្រី ស្រាំង ឡាញ់ ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភាថា កិច្ចប្រជុំរវាងសហគមន៍ និងអភិបាលខេត្តទទួលបានចំណុចវិជ្ជមានមួយចំនួន តែពួកគេនៅមិនទាន់ជឿជាក់បានទាំងស្រុងនោះទេ។ តែយ៉ាងណា លោកស្រីថា សហគមន៍បានថតយកវីឌីអូ ការសន្យារបស់អភិបាលខេត្តរូបនោះ ដើម្បីទុកជាភស្តុតាង និងប្ដឹងអាជ្ញាធរខេត្ត ប្រសិនបើមិនអនុវត្ត៖ «សង្ឃឹម ៥០ភាគរយមិនទាន់សង្ឃឹម ១រយភាគរយទេ។ ដូចកាលខែ២ អភិបាលខេត្តជួបអ៊ីចឹងដែរ ដូចមិនឃើញរៀបចំអី។ ចាប់តាំងពីបិទទ្វារទឹកប្រឈមណាស់ បាត់បង់ធនធានធម្មជាតិ បាត់បង់ទ្រព្យសម្បត្តិមួយចំនួន ផ្ទះសម្បែងលិចទៀត ប្រហែលរញ្ជួយដួលមិនដឹងទេ»។
ស្ត្រីដដែលបន្ថែមថា ការពន្យារពេលមិនដោះស្រាយសំណង ដែលពួកគាត់ទាមទារ បង្កឲ្យអ្នកភូមិ ប្រឈមបញ្ហាច្រើនរួមមាន ខ្វះខាតទឹកស្អាតប្រើប្រាស់ គ្មានសាលារៀននាំឲ្យកុមារបោះបង់ការសិក្សា គ្មានមណ្ឌលសុខភាព និងផ្លូវលំបាកធ្វើដំណើរជាដើម។ លោកស្រីថា អាជ្ញាធរបានផ្ដាច់ប្រព័ន្ធសេវាទូរស័ព្ទ បង្កលំបាកទំនាក់ទំនងសង្គម ហើយកុមារនៅភូមិក្បាលរមាសចាស់ ៨០នាក់ត្រូវបង្ខំចិត្តឈប់រៀន។
កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យាថា នឹងកសាងភូមិថ្មីជូនពលរដ្ឋ ដែលបដិសេធមិនទទួលសំណង និងផ្តល់សេវាសាធារណៈជាដើម។
កាលពីថ្ងៃទី១១ ខែតុលា អភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ក៏បានជូនដំណឹងថា ក្នុងករណីដែលពលរដ្ឋមិនទទួលសំណង អាជ្ញាធរ និងក្រុមហ៊ុនបានផ្ដល់ជម្រើសនានា ជូនពលរដ្ឋដែលចង់យកទីតាំងថ្មី ឋិតនៅក្បែរភូមិចាស់ និងធ្លាប់អាស្រ័យផលស្រាប់ ដើម្បីសាងសង់លំនៅឋានថ្មីរស់នៅ។
មេឃុំស្រែគជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ យល់ថា ការសន្យារបស់អភិបាលខេត្តដោះស្រាយបញ្ហាជូនពលរដ្ឋ គឺជាការទាញប្រជាប្រិយភាពមុនពេលបោះឆ្នោតច្រើនជាងការអនុវត្តគោលនយោបាយសំណង។ លោកថា នេះពុំមែនជាលើកទីមួយទេ ដែលអាជ្ញាធរសន្យានៅចំពោះមុខពលរដ្ឋ តែគ្មានលទ្ធផល ដែលនាំឲ្យពួកគាត់បាត់បង់ទំនុកចិត្ត ហើយទំហំផលប៉ះពាល់ កាន់តែរីកធំឡើង៖ «កៀកបោះឆ្នោតចាប់ផ្ដើមធ្វើទន់ភ្លន់ ធ្វើជាទេវតាវិញ មកដោះស្រាយជូនពលរដ្ឋ។ អាហ្នឹងហើយខ្ញុំថា អ្វីក៏ដោយធ្វើឲ្យគេផលប៉ះពាល់ទាំងពីរឃុំ យើងគួរនាំគ្នាដោះស្រាយ។ ជារឿងនយោបាយទេ សន្យាក្នុងពេលសន្លឹកឆ្នោត»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល អង្កេតឃើញថា ការស្វែងរកដំណោះស្រាយរបស់អាជ្ញាធរខេត្ត និងក្រុមហ៊ុនមានភាពយឺតយ៉ាវ។ លោកថា បើក្រុមហ៊ុន និងអាជ្ញាធរផ្តល់តម្លៃការគោរពសិទ្ធិមនុស្ស គួរតែពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឲ្យបានទាន់ពេល មិនគួរអូសបន្លាយនោះទេ៖ «លោកអភិបាលខេត្តចុះទៅផ្ទះសង្ឃឹមថា រឿងហ្នឹង នឹងឆាប់រហ័ស និងរលូនទៅវិញ។ បើយើងនៅតែពន្យារពេលទៀត គ្មានចំណេញទេ មានតែការខាតបង់។ ខ្ញុំគាំទ្រការសន្យាហ្នឹង»។
របាយការណ៍អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៥២គ្រួសារ និងឃុំស្រែគរ ៥០គ្រួសារ រាប់បញ្ចូលពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ៕