អាជ្ញាធរ​ខេត្ត​ព្រះវិហារ​យក​កម្លាំង​ប្រដាប់​អាវុធ​រំដោះ​គ្រឿងចក្រ​ ៤​គ្រឿង​ពី​ជនជាតិ​ភាគ​តិច

0 294

ជនជាតិដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ម្លូរព្រៃពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ សម្ដែង​ការ​ខកចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​ខេត្ត​នេះ បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ រំ​ដោះ​យក​គ្រឿងចក្រ ៤​គ្រឿង​ដែល​អ្នកភូមិ​បាន​ឃាត់ទុក​ពី​ក្រុមហ៊ុន​ចិន​ដែល​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ ខណៈ​ដែល​រវល់​ធ្វើស្រែ​ចម្ការ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​ដោះស្រាយ​បញ្ហា​បែបនេះ ជា​រូបភាព គំរាមកំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ម្លូរព្រៃពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ មិថុនា ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ដែល​កំពុង​វេទនា បាត់បង់​ដីស្រែ​ចម្ការ ដី​ព្រៃ​ត្រៀម​បម្រុង​ទុក បឹង និង​អូរ​ជាដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​រំលោភ​យក។ ពួកគេ​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ប្រើប្រាស់​រថយន្ត ៧​រថយន្ត មក​រំដោះ​គ្រឿងចក្រ ៤​គ្រឿង ពី​អ្នកភូមិ កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​វិញ។

ជនជាតិ​ដើម​ភាគតិច​រស់​ភូមិ​បុស្ស ឃុំ​ម្លូរព្រៃពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ត្អូញ​ថា អ្នកភូមិ​បង្ខំចិត្ត​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន ដោយសារ​បារម្ភ​ខ្លាច​បាត់បង់​ដីស្រែ និង​ដីព្រៃ​ត្រៀម​បម្រុង​សម្រាប់​សហគមន៍​អាស្រ័យ​ផល ត្បិត​ក្រុមហ៊ុន​ចិន​នៅតែ​លួច​ឈូស​ឆាយ​ជា​បន្តបន្ទាប់។ លោក​ថា ដី​ព្រៃ​រេចរឹល និង​ទី​ទួល​ឃ្វាល​គោ ឋិត​នៅ​តំបន់​ព្រៃ​ស្រែស្រឡៅ ទួលភ្នំដៃ និង​ត្រពាំង​សំដិល មាន​ផ្ទៃ​ប្រហែល​ជាង ៣​រយ​ហិកតារ គឺជា​តំបន់​ដែល​នៅ​សេសសល់​ពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ចិន កំពុង​ទទួលរង​ការ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ជា​បន្តបន្ទាប់ អស់​ជាច្រើន​ហិកតារ ក្នុង​នោះ​មាន​ផ្ទៃដី​ប្រមាណ ២០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​អំពៅ និង​ធ្វើស្រែ​រួចហើយ៖ «អត់​មាន​ដំណោះស្រាយ​ទេ វា​ចេះតែ​ឈូស​ឆាយ​យក​វា​ដាំ​ស្រួល​អស់ហើយ។ វា​ដណ្ដើម​ដី​ពី​ពលរដ្ឋ​ធ្វើ​ស្រូវ។ ២០ ទៅ ៣០ គ្រួសារ នៅ​ក្នុង​ប្លុក​វា​ឈូស​ឆាយ​ប៉ះពាល់»។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ សហគមន៍​ភូមិ​បុស្ស ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ជាង ៧០​នាក់ បាន​ឃាត់​គ្រឿងចក្រ ៤​គ្រឿង របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​បាន​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច។ អ្នក​ភូមិ​ថា ពួកគាត់​បាន​បង្ខំចិត្ត​ឃាត់​គ្រឿងចក្រ​នេះ ព្រោះ​គ្មាន​ជម្រើស ខណៈ​អាជ្ញាធរ​មិន​ដោះស្រាយ​បណ្ដឹង​របស់​ពួកគាត់ និង​តែង​លម្អៀង​ខាង​ភាគី​ក្រុមហ៊ុន​ចិន។

ក្រោយពី​ការ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ជនជាតិ​ដើម​ភាគតិច ៤​នាក់ ប្រឈម​បណ្ដឹង​ទៅ​តុលាការ និង​មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក។

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ឲ្យ​ដឹង​នៅ​ថ្ងៃទី៤ មិថុនា ថា អ្នកភូមិ​ជាច្រើន​គ្រួសារ​កំពុង​ប្រឈម​ខ្វះខាត​ដីស្រែ​ចិញ្ចឹមជីវិត និង​មាន​ពលរដ្ឋ​មួយ​ចំនួន​អត់​ដី​ធ្វើស្រែ​ដោយសារ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក ដោយ​សំអាង​ថា ដី​ទាំងនោះ​ជា​ដី​របស់​រដ្ឋ។ លោក​ថា ពលរដ្ឋ​ដែល​កើត​ទុក​មិន​សុខចិត្ត​បញ្ហា​នេះ មិន​ហ៊ាន​តវ៉ា ស្វែងរក​ដំណោះស្រាយ​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​គំរាម និង​ចោទប្រកាន់​តាម​អំណាច​តុលាការ៖ «មិន​ដឹង​ទៅ​កន្លែង​ណា​ទេ បើ​មេភូមិ មេឃុំ និង ស្រុក​/​ខេត្ត​គេ​មិន​ដោះស្រាយ​ឲ្យ។ អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​មិន​ដឹង​គិតគូរ​យ៉ាងម៉េច»។

មេឃុំ​ម្លូរព្រៃពីរ លោក កាន់ សុវណ្ណគា និយាយ​ថា អាជ្ញាធរ​ឃុំ​បាន​សម្របសម្រួល​បញ្ហា​នេះ ជាមួយ​ពលរដ្ឋ​ច្រើន​សា​មក​ហើយ តែ​ពួកគេ​មិន​ស្ដាប់​អាជ្ញាធរ​មូលដ្ឋាន។ លោក​ថា ដំណោះស្រាយ​ដីធ្លី​នៅ​តំបន់​នោះ ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ឃុំ ហើយ​លោក​បាន​រុញ​សំណុំ​រឿង​នេះ​ទៅ​ថ្នាក់លើ។ លោក​បញ្ជាក់​ថា ជម្លោះដីធ្លី​នេះ​ភាគច្រើន គឺ​ប៉ះពាល់​ដី​ព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍ មិន​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​ពលរដ្ឋ​នោះ​ទេ៖ «ឋានៈ​ខ្ញុំ​ដោះស្រាយ​មិនបាន មានតែ​រុញ​ទៅ​ថ្នាក់លើ»។

មន្ត្រី​ផ្នែក​តស៊ូ​មតិ នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់ថា ការ​ប្រើ​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​ដោះស្រាយ​បញ្ហា ពុំ​មែន​ជា​យន្តការ​ត្រឹមត្រូវ សម្រាប់​ប្រទេស​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ផ្ទុយទៅវិញ វា​បង្ក​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​នៅ​តំបន់​នោះ ហាក់​ទល់​ច្រក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ពី​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ពលរដ្ឋ​គឺ​តក់​ស្លុក រន្ធត់​បាត់​ហើយ និង​ទី ២ មានការ​រំលោភ​ខាង​និយាយ​ស្ដី ខាង​សមត្ថកិច្ច​ទៅ​គ្រប់​ពលរដ្ឋ​មិន​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​និយាយ​បាន។ អ៊ីចឹង​អាជ្ញាធរ​សម្រេច​តែ​ម្នាក់​គត់»។

សហគមន៍​ថា ក្រោយ​ពី​របប​ក្រុងភ្នំពេញ​បាន​វិនិយោគ​ដី​ព្រៃ​ជាង ៤​ម៉ឺន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ តាំងពី​ឆ្នាំ​២០១២ មក វិបត្តិ​ដីធ្លី​បាន​ផុស​ឡើង រីឯ​ព្រៃស្រោង​បាន​ប្រែក្លាយ​ជា​វាល​រហោឋាន​យ៉ាង​ឆាប់រហ័ស។ តំបន់​ព្រៃ​មួយ​ចំនួន​ជា​ជម្រក​សត្វព្រៃ​រស់នៅ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​ដែរ។ ចំណែក ខឿន​ប្រាសាទ​បុរាណ​មួយ​ចំនួន ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគតិច​គោរព​បូជា​ត្រូវ​បាត់បង់៕

Leave A Reply

Your email address will not be published.