ផែនការអភិវឌ្ឍន៍សហគមន៍នៅភូមិក្បាលរមាសកំពុងមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍

0 664

ដោយមានការគាំទ្រថវិកាពីអង្គការម្ចាស់ជំនួយ Selavip ក្រោមការសម្របសម្រួលពីអង្គការ ជនជាតិដើមភាគតិចកម្ពុជា សហគមន៍ជនជាតិដើមភាគតិចពូនង នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានកំពុងរៀបចំធ្វើផែនការអភិវឌ្ឍន៍សហគមន៍របស់ខ្លួន និងគៀងគរ កម្លាំងសាមគ្គីនៅក្នុងសហគមន៍ក្នុងការការពារដីធ្លី ព្រៃឈើ និងធនធានផ្សេងៗនៅក្នុងសហគមន៍។

ក្រៅពីការថែរក្សាអភិរក្សធនធានសំខាន់ៗរបស់ខ្លួន សហគមន៍ក៏ត្រូវការជាចាំបាច់នូវេហដ្ឋារចនាសម្ព័ន្ធ ដូចជាទឹកស្អាត អគ្គិសនី សេវាអប់រំ សុខភាព និងអនាម័យ។ ឆ្លើយតបតាមសំណើផ្ទាល់ពីសហគមន៍ អង្គការជនជាតិដើមភាគតិចកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋាន ក៏បានខិតខំខ្នះខ្នែងក្នុង ការគៀងគរ មូលនិធិនានាដើម្បីជួយដល់សហគមន៍ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សហគមន៍របស់ពួកគេ ក្នុងគោលដៅដើម្បីលើកកម្ពស់ជីវភាព សុខុមលភាព និងសេវាសាធារណៈជាមូលដ្ឋានដែលពួកគេ សមនឹងទទួលបានដូចប្រជាពលរដ្ឋទូទៅដែរ។

ក្នុងដំណាក់ទីមួយនេះ សហគមន៍បានចាប់ផ្ដើមសាងសង់បង្គន់អនាម័យនៅតាមផ្ទះរបស់ខ្លួន ដែលវាជាតម្រូវការចាំមួយសម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងអនាម័យក្នុងសហគមន៍។ ផែនការជាបន្តបន្ទាប់នឹងត្រូវធ្វើឡើងជាដំណាក់កាល ក្រោមជំនួយបច្ចេកទេសពីអង្គការជនជាតិដើម ភាគតិច ដូចជាការសាងសង់មជ្ឈមណ្ឌលវប្បធម៌ ការដំឡើងប្រព័ន្ធភ្លើងសូឡា និងប្រព័ន្ធទឹកស្អាត ជាដើម។

បច្ចុប្បន្នគ្រួសារជាសមាជិកសហគមន៍កំពុងតែញាប់ដៃញាប់ជើងក្នុងសាងសង់បង្គន់អនាម័យ នៅតាមផ្ទះនីមួយៗរបស់ពួកគេ ដោយការជួយគ្នាទៅវិញទៅមក។

គួររំលឹកដែរថា ក្រោយពីទទួលបានការអនុញ្ញាតិពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការឲ្យសមាជិក សហគមន៍បន្តរស់នៅក្នុងតំបន់របស់ខ្លួនកាលពីពេលកន្លងមក ពេលនេះសហគមន៍កំពុងតែកសាងជីវ ភាពថ្មីដោយរៀបចំភូមិឋានថ្មីក្បែរភូមិចាស់របស់ខ្លួនដែលលិចលង់ដោយសារទំនប់វារីអគ្គិសនី សេសានក្រោម ២ និងកំពុងប្រឈមបញ្ហាមួយចំនួនដូចជា សុខភាព អនាម័យ សេវាសាធារណៈជាមូលដ្ឋាន ។ល។ និងធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេកំពុងរងការ លួចកាប់ផ្លាញពីអ្នកខាងក្រៅដោយខុសច្បាប់។

Leave A Reply

Your email address will not be published.