សហគមន៍ឡាអិនសាងសង់កញ្ចុះដើម្បីអភិវឌ្ឍន៍តំបន់ទឹកធ្លាក់កាឃ្លុក

0 278
សហគមន៍ឡាអិនប្រមាណជាង ៦៥ នាក់រួមមានស្រី្ត យុវជន ចាស់ទុំ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងមន្ត្រីប៉ូលីសនៅឃុំតឺន បានរៀបចំសាងសង់កញ្ចុះនៅតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិកាឃ្លុក។ សហគមន៍បានសហការគ្នារយៈពេល ៥ ថ្ងៃដើម្បីសាងសង់កញ្ចុះទាំងនេះដែលប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ លោក សុភីរ៉ាធុប ប្រធានសហគមន៍ឡាអិនមានប្រសាសន៍ថា គោលបំណងដែលសហគមន៍រៀបចំសាងសង់កញ្ចុះនេះគឺចងឱ្យមានកន្លែងស្នាក់នៅលំហែកាយនៅពេលភ្ញៀវទេសចរណ៍មកទស្សនានៅតំបន់នេះ។
ជាងនេះទៅទៀតលោកបានបន្តថា​យើងចងអភិវឌ្ឍន៍តំបន់ទឹកធ្លាក់នេះឱ្យគេស្គាល់ច្រើន ហើយនឹងអាចរកប្រាក់ចំណូលខ្លះសម្រាប់ជួយទ្រទ្រងសហគមន៍ឡាអិន។
តាមសំដីរបស់លោកមេឃុំ និងមន្រ្តីប៉ូលីសនៅក្នុងឃុំតឺន ស្រុកកូនមុំ បានឱ្យដឹងថា ពួកគាត់មានការលើកទឹកចិត្តនិងគាំទ្រសហគមន៍ដែលដែលបានរៀបចំតំបន់ទេសចរណ៍នេះឡើង។ ដោយឡែកកាលពីមុនអាជ្ញាធរឃុំក៍មានគម្រោងអភិវឌ្ឍន៍នៅតំបន់នេះដែរ ប៉ុន្តែឃុំខ្វះថវិកាក្នុងការរៀបចំដូចច្នេះហើយគម្រោងកាលពីមុនមិនបានដំណើរការ។
តាមការអង្កេតរបស់មន្រ្តីអង្គការជនជាតិដើមភាគតិចកម្ពុជាដែលបានចុះជួយសហគមន៍ផ្ទាល់ក្នុងដំណើការរៀបចំសាងសង់កញ្ចុះចំនួនបីបានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចទំពួននៅភូមិឡាអិន ដែលបានទទួលប្លង់ដីកម្មសិទ្ធិសមូហភាពនៅឆ្នាំ២០១២ បានសហការគ្នាល្អក្នុងការរៀបចំតំបន់ទឹកធ្លាក់នេះចាប់តាំងពីការចាប់ផ្តើមនៃការអនុវត្តន៍គម្រោងរហូតដល់ចុងឆ្នាំ២០១៧នេះ ដោយមានការចូលរួមនិងគាំទ្រយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់នេះ។ ក្រៅពីការបង្កើតតំបន់ទេសចរណ៍នេះ សហគមន៍ឡាអិនក៍បានរួមគ្នារៀបចំគម្រោងដាំស្វាយចន្ទីនិងប័រ ដែលមានទំហំដីសរុុបចំនួន ៣ ហិចតាផងដែរ ដើម្បីឱ្យសហគមន៍របស់ពូកគាត់មានថវិការគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់ ហើយគម្រោងនេះនឹងចាប់ផ្តើមដាំនៅក្នុងខែ៦ឆ្នាំ២០១៨ខាងមុខនេះ នៅក្នុងដីរួមរបស់សហគមន៍ឡាអិនផងដែរ។
Leave A Reply

Your email address will not be published.