ប្រជាសហគមន៍នៅខេត្តព្រះវិហារគ្រោងលើកគ្នាឡើងមកសាលាដំបូងខេត្តពេលសមាជិកខ្លួនចូលបំភ្លឺ
ប្រជាសហគមន៍មួយខេត្តព្រះវិហារ គ្រោងនឹងលើកគ្នាមកសាលាដំបូងខេត្តនេះ នៅថ្ងៃដែលសមាជិកសហគមន៍របស់ខ្លួនចំនួន៤នាក់ចូលបំភ្លឺ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេទាំងនោះនិងដើម្បីបញ្ជាក់ថាសំណុំរឿង ព្រមទាំងវិវាទដីធ្លីមួយនេះ ដែលកើតឡើងកន្លងមកមិនមែនមានតែ៤ នាក់នោះដែរ។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ អ្នកស្រី ទេព ទឹម មានប្រសាសន៍នៅថ្ងៃនេះថា សមាជិកសហគមន៍ទាំងបួននាក់នោះ នឹងចូលទៅបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារតាមការដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រភពរូបនេះថា អ្នកស្រីមិនយល់ទាល់តែសោះថាហេតុអ្វីបានជាសំណុំរឿងនេះផ្ទុះឡើងជាថ្មីទៀត ក្រោយពេលវាបានស្ងប់ស្ងាត់ជាច្រើនឆ្នាំ។ អ្នកស្រី បន្តថាគ្រឿងចក្រពីរគ្រឿងដែលសហគមន៍ឃាត់ទុកកាលពីខែធ្នូ ឆ្នាំ២០១៤ អាជ្ញាធរក៏បានប្រគល់ជូនក្រុមហ៊ុនវិញដែរកាលពីឆ្នាំ២០១៧។ លើសពីនេះអ្នកស្រីថា បញ្ហាដីធ្លីមួយនេះ អាជ្ញាធរមិនព្រមដោះស្រាយឡើយ ហើយបែរជាមក ប្តឹងពលរដ្ឋទៅវិញ។
អ្នកស្រី មានប្រសាសន៍បន្ថែមថា៖ «រឿងហ្នឹង មិនមែនជារឿងតែបីបួននាក់ហ្នឹងទេ ជារឿងទាំងអស់គ្នា ដល់នេះ មានការកោះហៅដល់ថ្ងៃ១៤ គឺយើងនឹងប្រមូលកម្លាំងដើម្បីមកជួយគាត់។ មិនមែនថាមកជួយប្រឆាំងអីទេ ថាម៉េចទេ ប៉ុន្តែគ្រាន់តែជូនដំណើរកុំឱ្យថាមកម្នាក់ឯង។ ហៅបួននាក់ មកបួននាក់ យើងត្រូវមកគ្នាច្រើន ដើម្បីគាំទ្រគ្នា»។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ បានចេញដីការបង្គាប់ឱ្យសមាជិកសហគមន៍ឃុំប្រមេរចំនួន៤ នាក់ រួមមានលោក ផុន រុំ លោក ណម ថុល លោក ថូ ភេទ និងលោក ស្រាយ សុឃី ឱ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត ពីបទ ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិបុស្សធំ ឃុំប្រមេរ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤។ ដីកានេះ បានចេញតាំងពីខែកញ្ញា ប៉ុន្តែសហគមន៍ទើបទទួលបានកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រៅពីប្រជាសហគមន៍ទាំងបួននាក់ មន្ត្រីអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារចំនួន២ នាក់ ក៏ត្រូវបានចៅក្រមស៊ើបសួរដដែលបង្កាប់ឱ្យចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងមួយនេះ នៅថ្ងៃដដែលជាមួយគ្នានោះ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ មានប្រសាសន៍នៅថ្ងៃនេះ ថាពិតជាមានការកោះហៅប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិលឱ្យចូលបំភ្លឺនៅថ្ងៃទី ១៤ វិច្ឆិកានោះមែន ប៉ុន្តែលោកមិនអាចបញ្ជាក់ជូនអំពីនីតិវិធីបានទេ ដោយថាវាជារឿងសម្ងាត់។
លោកមានប្រសាសន៍ថា៖ «ដោយសារនីតិវិធីស៊ើបសួរហ្នឹងវាជាកិច្ចការងារសម្ងាត់»។
អ្នកសម្របសម្រួលបណ្តាញកសាងសហគមន៍នៃអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា លោកនិងមន្ត្រីរបស់លោក នឹងមិនចូលបំភ្លឺតាមដីការបស់តុលាការទេ ដោយថាមន្ត្រីរបស់លោកម្នាក់ទៀតមិនទទួលបានដីកា ហើយលោកមិនទទួលយកដីកានោះទេ ព្រោះក្នុងដីកាសរសេរខុសសាវតារបស់លោកជាច្រើន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ លើកឡើងបន្តថាវាជាការអនុវត្តច្បាប់មួយដែលលម្អៀង ត្បិតកន្លងមកខាងសហគមន៍ធ្លាប់បានប្តឹងក្រុមហ៊ុន ឡាន ហ្វេង និងអ្នកបើកគ្រឿងចក្ររបស់ក្រុមហ៊ុនដែរជុំវិញការឈូសឆាយដីព្រៃសហភាពរបស់ពួកគាត់ ប៉ុន្តែសំណុំរឿងនេះត្រូវបានតុលាការតម្កល់ទុកមិនចាត់ការ ហើយបែរជាមកចាត់វិធានការលើប្រជាសហគមន៍ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល តាមបណ្តឹងរបស់ក្រុមហ៊ុនទៅវិញ។
លោកមានប្រសាសន៍បន្ថែមថា ៖ «យើងមើលឃើញថាប្រព័ន្ធយុត្តិធម៌នៅស្រុកយើង ហាក់ដូចជាមានការចាត់ការហ្នឹង អត់ស្មើគ្នាអីចឹង។ ដល់អត់ស្មើអីចឹង ក៏សុំស្នើឱ្យប្រព័ន្ធតុលាការ គឺឈរលើឯករាជ្យភាព របស់តុលាការ ហើយចាត់ការករណីដែលមានបណ្តឹង ទាំងភាគីក្រុមហ៊ុនក្តី ភាគីសហគមន៍ក្តីឱ្យដូចគ្នា ឱ្យស្មើគ្នា។ ដើម្បីរកយុត្តិធម៌ជូនអ្នកដែលរងគ្រោះពិតប្រាកដ »។
កាលពីឆ្នាំ ២០១៤ ពលរដ្ឋនៅភូមិចំនួនបី ក្នុងឃុំប្រមេរ ដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ បាននាំគ្នាតវ៉ា និងរារាំងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ឡាន ហ្វេង មិនឱ្យឈូសឆាយលើដីសហភាព និងជាតំបន់ព្រៃកប់សពដូនតារបស់ពួកគាត់លើទំហំដីប្រមាណ៦ ពាន់ហិកតា។
ការតវ៉ារបស់ប្រជាសហគមន៍ បានឈានទៅឃាត់ទុកគ្រឿងចក្ររបស់ក្រុមហ៊ុនចំនួនពីរគ្រឿង កាលពីខែធ្នូ ឆ្នាំ ២០១៤ ដើម្បីស្វែងរកដំណោះស្រាយ ហើយនៅក្រោយការបោះឆ្នោតប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ គ្រឿងចក្រទាំងនោះ សហគមន៍អះអាងថាត្រូវបានអាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនវិញ។
ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀត របស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុនហេងហ្វូដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា (៤២.០០០) តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ៕
ប្រភព៖ https://www.vodhotnews.com/2018/11/09/85765/community-in-preah-vihear-call-the-courts-summon-is-unfair/?fbclid=IwAR0iYJLFNcBfXw-3TbCLaUHQuQuhmTKdG7uTOCBWUEazkF1atbKi15_Ehs8