ប្រជាសហគមន៍នៅខេត្តព្រះវិហារគ្រោងលើកគ្នាឡើងមកសាលាដំបូងខេត្តពេលសមាជិក​ខ្លួន​ចូលបំភ្លឺ

0 267

ប្រជាសហគមន៍មួយខេត្តព្រះវិហារ គ្រោងនឹងលើកគ្នាមកសាលាដំបូងខេត្តនេះ នៅថ្ងៃដែលសមាជិកសហគមន៍របស់ខ្លួន​ចំនួន៤នាក់ចូលបំភ្លឺ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ​ទាំងនោះនិងដើម្បីបញ្ជាក់ថាសំណុំរឿង ព្រមទាំង​វិវាទដីធ្លីមួយនេះ ដែលកើតឡើងកន្លងមកមិនមែនមានតែ៤ នាក់នោះដែរ។

ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ អ្នកស្រី ទេព ទឹម មានប្រសាសន៍នៅថ្ងៃនេះថា សមាជិកសហគមន៍ទាំងបួននាក់នោះ នឹងចូលទៅបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារតាមការដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រភពរូបនេះថា  អ្នកស្រីមិនយល់ទាល់តែសោះថាហេតុអ្វីបានជាសំណុំរឿងនេះផ្ទុះឡើងជាថ្មីទៀត ក្រោយពេលវាបានស្ងប់ស្ងាត់ជាច្រើនឆ្នាំ។ អ្នកស្រី បន្តថា​គ្រឿងចក្រពីរគ្រឿងដែលសហគមន៍ឃាត់ទុកកាលពីខែធ្នូ ឆ្នាំ២០១៤ អាជ្ញាធរក៏បានប្រគល់ជូនក្រុមហ៊ុនវិញដែរកាលពីឆ្នាំ២០១៧។ លើសពីនេះអ្នកស្រីថា ​បញ្ហាដីធ្លីមួយនេះ អាជ្ញាធរមិនព្រមដោះស្រាយឡើយ ហើយបែរជាមក ប្តឹងពលរដ្ឋទៅវិញ។ ​

អ្នកស្រី មានប្រសាសន៍បន្ថែមថា៖ «រឿងហ្នឹង មិនមែនជារឿងតែបីបួននាក់ហ្នឹងទេ ជារឿងទាំងអស់គ្នា ដល់នេះ មានការកោះហៅដល់ថ្ងៃ១៤ គឺយើងនឹងប្រមូលកម្លាំងដើម្បីមកជួយគាត់។ មិនមែនថាមកជួយប្រឆាំងអីទេ ថាម៉េចទេ ប៉ុន្តែគ្រាន់តែជូនដំណើរកុំឱ្យថាមកម្នាក់ឯង។ ហៅបួននាក់ មកបួននាក់ យើងត្រូវមកគ្នាច្រើន ដើម្បីគាំទ្រគ្នា»។ ​

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ បានចេញដីការបង្គាប់ឱ្យសមាជិកសហគមន៍ឃុំប្រមេរចំនួន៤ នាក់ រួមមានលោក ផុន រុំ លោក ណម ថុល លោក ថូ ភេទ និងលោក ស្រាយ សុឃី ឱ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត ពីបទ ចាប់ឃុំឃាំង និង​ការបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិបុស្សធំ ឃុំប្រមេរ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៤។ ដីកានេះ បានចេញតាំងពីខែកញ្ញា ប៉ុន្តែសហគមន៍ទើបទទួលបានកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រៅពីប្រជាសហគមន៍ទាំងបួននាក់ មន្ត្រីអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារចំនួន២ នាក់ ក៏ត្រូវបានចៅក្រមស៊ើបសួរដដែលបង្កាប់ឱ្យចូលខ្លួនបំភ្លឺជុំវិញសំណុំរឿងមួយនេះ នៅថ្ងៃដដែលជាមួយគ្នានោះ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ លោក ជៀន ស្រស់ មានប្រសាសន៍នៅថ្ងៃនេះ ថា​ពិតជាមានការកោះហៅប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិលឱ្យចូលបំភ្លឺនៅថ្ងៃទី ១៤ វិច្ឆិកានោះមែន ប៉ុន្តែលោកមិនអាចបញ្ជាក់ជូនអំពីនីតិវិធីបានទេ ដោយថាវាជារឿងសម្ងាត់។ ​

លោកមានប្រសាសន៍ថា៖ «ដោយសារនីតិវិធីស៊ើបសួរហ្នឹងវាជាកិច្ចការងារសម្ងាត់»។

អ្នកសម្របសម្រួលបណ្តាញកសាងសហគមន៍នៃអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា លោកនិងមន្ត្រីរបស់លោក នឹងមិនចូលបំភ្លឺតាមដីការបស់តុលាការទេ ដោយថា​មន្ត្រីរបស់លោកម្នាក់ទៀតមិនទទួលបានដីកា ហើយលោកមិនទទួលយកដីកានោះទេ ព្រោះក្នុងដីកាសរសេរខុសសាវតារបស់លោកជាច្រើន។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ លើកឡើងបន្តថាវាជាការអនុវត្តច្បាប់មួយដែល​លម្អៀង ត្បិតកន្លងមកខាងសហគមន៍ធ្លាប់បានប្តឹងក្រុមហ៊ុន ឡាន ហ្វេង និងអ្នកបើកគ្រឿងចក្ររបស់ក្រុមហ៊ុនដែរជុំវិញការឈូសឆាយដីព្រៃសហភាពរបស់ពួកគាត់ ប៉ុន្តែសំណុំរឿងនេះត្រូវបានតុលាការតម្កល់ទុកមិនចាត់ការ ហើយបែរជាមកចាត់វិធានការលើប្រជាសហគមន៍ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល តាមបណ្តឹងរបស់ក្រុមហ៊ុនទៅវិញ។

លោកមានប្រសាសន៍បន្ថែមថា​ ៖ «យើងមើលឃើញថាប្រព័ន្ធយុត្តិធម៌នៅស្រុកយើង ហាក់ដូចជាមានការចាត់ការហ្នឹង អត់ស្មើគ្នាអីចឹង។ ដល់អត់ស្មើអីចឹង ក៏សុំស្នើឱ្យប្រព័ន្ធតុលាការ គឺឈរលើឯករាជ្យភាព របស់តុលាការ ហើយចាត់ការករណីដែលមានបណ្តឹង ទាំងភាគីក្រុមហ៊ុនក្តី ភាគីសហគមន៍ក្តីឱ្យដូចគ្នា ឱ្យស្មើគ្នា។ ដើម្បីរកយុត្តិធម៌ជូនអ្នកដែលរងគ្រោះពិតប្រាកដ »។

កាលពីឆ្នាំ ២០១៤ ពលរដ្ឋនៅភូមិចំនួនបី ក្នុងឃុំប្រមេរ ដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ បាននាំគ្នាតវ៉ា និងរារាំងក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ចឈ្មោះ ឡាន ហ្វេង មិនឱ្យឈូសឆាយលើដីសហភាព​ និងជាតំបន់ព្រៃកប់សពដូនតារបស់ពួកគាត់លើទំហំដីប្រមាណ៦ ពាន់ហិកតា។

ការតវ៉ារបស់ប្រជា​សហគមន៍ បានឈានទៅឃាត់ទុកគ្រឿងចក្ររបស់ក្រុមហ៊ុនចំនួនពីរគ្រឿង កាលពីខែធ្នូ ឆ្នាំ ២០១៤ ដើម្បីស្វែងរកដំណោះស្រាយ ហើយនៅក្រោយការបោះឆ្នោតប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ គ្រឿងចក្រទាំងនោះ សហគមន៍អះអាងថាត្រូវបានអាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនវិញ។

ក្រុមហ៊ុន ឡាន ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀត របស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុនហេងហ្វូដែលទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតា (៤២.០០០) តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅ​ស៊ូ៕

ប្រភព៖ https://www.vodhotnews.com/2018/11/09/85765/community-in-preah-vihear-call-the-courts-summon-is-unfair/?fbclid=IwAR0iYJLFNcBfXw-3TbCLaUHQuQuhmTKdG7uTOCBWUEazkF1atbKi15_Ehs8

Leave A Reply

Your email address will not be published.