៩ សីហា ជាថ្ងៃអ្វីសម្រាប់ជនជាតិដើមភាគិតចពិភពលោក?

0 200,455

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ សីហា ប្រទេសនៅទូទាំងសកលលោក និងរួមទាំងប្រទេសកម្ពុជាដែលមានប្រជាជនជនជាតិដើមភាគតិចរស់នៅ ពួកគេតែងតែចងចាំ ៩ សីហា ជាថ្ងៃវិសេសវិសាលដើម្បីអបអរសាទរ​ទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក

យុវតីជនជាតិដើមភាគតិច ឡើងថ្លែងការរួមរបស់ជនជាតិដើមភាគតិច ២០២២ [IPs Day]

បើយោងតាមសេចក្តីសម្រេចលេខ ៤៩/២១៤ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៤ របស់មហា​សន្និបាទ​អង្គការ​​សហប្រជាជាតិបានកំណត់យកថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិជនជាតិដើមភាគតិចពិភព​លោក​ ព្រោះជាកាលបរិច្ឆេទនៃកិច្ចប្រជុំលើកដំបូងគឺនៅឆ្នាំ ១៩៨២ នៃក្រុមការងារអង្គការសហប្រជាជាតិស្តីពីប្រជាជនជនជាតិដើមភាគតិចនៃអនុគណៈកម្មការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ដោយមានការសម្រេចពីអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាដែលមាននាយកដ្ឋានអភិវឌ្ឍជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍជនបទជាសេនាធិការផ្ដួចផ្ដើមរៀបចំទិវានេះឡើង។ កម្ពុជាបានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី១០ និងជា លើកទី១ ក្នុងឆ្នាំ ២០០៥ សម្រាប់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ។

រូបភាពសហគមន៍ជនជាតិដើមភាគតិចជាមួយក្រសួង អង្គការសង្គមស៊ីវិល និងស្ថានទូត ក្នុងថ្ងៃទីវា២០២២ នៅសណ្ធាគារសាន់វេ [រូបភាព៖ IPs Day]

ក្នុងពេលនោះ មានប្រជាជនជាច្រើននៅទូទាំងពិភពលោកបានលើកទឹកចិត្ដអោយបន្ដផ្សព្វផ្សាយសាររបស់អង្គការសហប្រជាជាតិស្ដីពីការការពារ និងលើកកម្ពស់នៃសិទ្ធិជនជាតិដើមភាគតិច។

ជាបន្ដបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជាបានបន្ដយ៉ាងចិត្ដទុកដាក់រៀបចំនៅតាមបណ្ដាខេត្ដជាច្រើនដូចជា ខេត្ដរតនគិរី ពោធិ៍សាត់ មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង ក្រចេះ ព្រះស៊ីហនុ កំពង់ចាម កោះកុង កំពង់ស្ពឺ និងខេត្ដមួយចំនួនទៀត។ ការប្រារព្ធទិវាលើកទី១ របស់កម្ពុជា ត្រូវបានគេចាត់ទុកថាជាថ្ងៃប្រវត្ដិសាស្រ្ដរបស់ជនជាតិដើមភាគតិចនៅកម្ពុជាផងដែរ។

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើការប្រារព្ធទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក ២០២៣ ក្រោមប្រធានបទ«យុវជនជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច» សម្រាប់ប្រារព្ធទិវាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ នៅខេត្ដកំពង់ស្ពឺ។

ការសែនព្រេនតាមប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច [រូបភាព៖ IPs Day]

ហើយសម្រាប់អង្គការ និងសហគមន៍ជនជាតិដើមភាគតិចបានធ្វើការជ្រើសរើសប្រធានបទស្ដីពី «ការលើកកម្ពស់ការចូលរួម និងភាពជាដៃគូរវាងជនជាតិដើមភាគតិចជាមួយរដ្ឋាភិបាលនិងអង្គការដៃគូ» និង «យុវជនជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣។

ការរៀបចំទិវាអន្តរជាតិជនជាតិភាគតិច ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកលើកម្ពស់តម្លៃ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ ដ៏ល្អផូរផង់ របស់ជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាស និងសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិយោបល់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការអភិវឌ្ឍគម្រោងនានា ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រី យុន ម៉ាណេ នាយិកានៃអង្គការជនជាតិដើមភាគតិចកម្ពុជា ក៏បានលើកឡើងពីអត្ថន័យនៃទិវាតាមរយៈសារតេឡេក្រាមថា «បងគិតថា ថ្ងៃទិវាសំខាន់មែនទែនសម្រាប់ជនជាតិដើមភាគតិចយើងនៅក្នុងពិភពលោក ដោយសារតែថ្ងៃនឹង ជាថ្ងៃប្រវត្ដិសាស្រ្ដ ដែលអោយយើងចងចាំទៅនឹងការខិតខំប្រឹងប្រែងរបស់ក្រុមជនជាតិដើមភាគតិចដែលគាត់បានទៅជួបជាមួយអង្គការសហប្រជាជាតិ និងជាមួយនឹងអ្នកពាក់ព័ន្ធ ដើម្បីបង្ហាញសំឡេងអំពីបញ្ហា តម្រូវការ ទុក្ខកង្វល់អោយគេ អោយគេបានស្គាល់របស់ជនជាតិដើមភាគតិចយើង»

រូបភាពរបស់សហគមន៍ជនជាតិចារ៉ាយ ប្រារព្ធទិវា ៩ សីហា នៅឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី (រូបភាព៖ ហ្វង ចំប៉ី)

 

ក្នុងឱកាសទិវានេះ ស្ថាប័នថ្នាក់ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ និងធ្វើរួមគ្នាក្នុងភាពជាដៃគូអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការងារអភិរក្ស និងការអភិវឌ្ឍដោយនិរន្តរភាពនៅកម្ពុជា។[i] «យុវជនជនជាតិដើមភាគតិចត្រូវបន្ដអភិវឌ្ឍន៍ខ្លួនពេញមួយជីវិត ទាំងចំណេះដឹងវិទ្យាសាស្រ្ដ និងចំណេះដឹងប្រពៃណី ដើម្បីដើរទាន់សកលភាវូបនីយកម្ម បច្ចេកវិទ្យា និងអាចអភិរក្ស និងអភិវឌ្ឍន៍ចំណេះដឹងជនជាតិដើមភាគតិចប្រកបដោយចេរភាពបាន» នេះសាររបស់លោក នុន សុគន្ធា ប្រធានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា។

អ្វីដែលពិសេសជាងនេះ ក្នុងថ្ងៃទិវានេះ ប្រជាពលរដ្ឋអាចចូលរួមទស្សនាការតាំងពិពណ៌បែបប្រពៃណីជនជាតិដើមភាគតិចមានដូចជា ផលិតផល សម្លៀកបំពាក់ ម្ហូបអាហារ ឧបករណ៍បុរាណ សិល្បៈចម្រៀង និងមានការតាំងបង្ហាញជាច្រើនទៀត ដើម្បីបង្ហាញដល់សាធារណជនស្វែងយល់ពីស្ថានភាពរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។

រូបភាពតាំងពិពណ៌បែបប្រពៃណីជនជាតិដើមភាគតិច ២០២២ [រុបភាព៖ IPs Day]

គួរបញ្ជាក់ផងដែរ ទិវាឆ្នាំនេះ នឹងរៀបចំនៅទីតាំងចំនួន ០៣ គឺទី១៖ រៀបចំនៅខេត្ដកំពង់ស្ពឺ ៩ សីហា ​២០២៣ ទី២៖ នៅរាជធានីភ្នំពេញ ១១ សីហា ២០២៣ និងទី៣៖ នឹងរៀបចំតាមបណ្ដាសហគមន៍ជនជាតិដើមភាគតិច។

ជារួមមក ៩ សីហា ជាថ្ងៃទិវារបស់ជនជាតិដើមភាគតិចលើពិភពលោក ដើម្បីរម្លឹកខួបនៃការខិតខំប្រឹងប្រែងរបស់ក្រុមជនជាតិដើមភាគតិចដែលបានជួបក្រុមការងារអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៨២ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស។

Leave A Reply

Your email address will not be published.