យុវជនសម័យថ្មី ធ្វើអ្វីដែលថ្មី ដើម្បីលើកកម្ពស់សិល្បៈជនជាតិដើមភាគតិច

0 325

យុវជន​ មកពីខេត្ដរតនគិរីដែលស្រឡាញ់វិស័យសិល្បៈបែបសម័យជាភាសាចារ៉ាយត្រូវបានទស្សនិកជនចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់នោះគឺ សល់ នាគ អ្នកចម្រៀងវ័យក្មេងមានដើមកំណើតចារ៉ាយ

យុវជនដែលមានរូបសម្បត្ដិស្រស់សង្ហារ ថែមទាំងមានទឹកដមសំឡេងដ៏ពិរោះ ត្រូវបានគេស្គាល់ថា ជាអ្នកចម្រៀងវ័យក្មេងមួយរូបដែលមានទេពកោសល្យប៉ិនប្រសប់ក្នុងការតែងនិពន្ធចម្រៀងជាភាសាដើមរបស់ខ្លួន និងថែមទាំងនាំអោយយុវជនក្នុងសហគមន៍ជនជាតិដើមភាគតិចងាកមកចាប់អារម្មណ៍ចម្រៀងជាភាសាចារ៉ាយរបស់ខ្លួនវិញ ។

សល់ នាគ អ្នកចម្រៀងវ័យក្មេងរបស់ជនជាតិចារ៉ាយ (រូបភាពៈ សល់ នាគ)

 

នាគ មានវ័យ ២២ឆ្នាំ ស្រឡាញ់ការសសេរនិងការតែងនិពន្ធចម្រៀងជាភាសាចារ៉ាយតាំងពីនៅវ័យកុមារភាព ទើបជាហេតុនាំអោយយុវជននេះបានចាប់ផ្ដើមក្ដីស្រម៉ៃឈានចូលក្នុងវិស័យនេះ ដោយសារតែលោកមើលឃើញពីតម្លៃនៃការរក្សាអត្ដសញ្ញាណ ភាសាកំណើត ហើយមើលឃើញពីស្ថានភាពយុវជនមួយចំនួនមិនសូវចេះភាសាដើមរបស់ខ្លួននោះឡើយ។

វេលាព្រឹក កាលពីថ្ងៃទី១៨ មិថុនា ២០២៣ អ្នកសម្របសម្រួល សេវ ថត់ នៃកម្មវិធីសំឡេងជនជាតិដើមភាគតិច បានជួបសម្ភាសន៍ជាមួយ សល់ នាគ ដើម្បីចែករំលែកពីដំណើរជីវិតក្នុងការតែងនិពន្ធបទចម្រៀងជាភាសាដើមរបស់ខ្លួន

យុវជន សល់ នាគ ជួបជាមួយ សេវ ថត់ នៅក្នុងកម្មវិធីជជែក សំឡេងជនជាតិដើមភាគតិចកម្ពុជា

 

នាគ បានចាប់ផ្ដើមឈានជើងចូលក្នុងវិស័យសិល្បៈដំបូងកាលពីឆ្នាំ២០២២ បានបង្កើតក្រុមតូចមួយដែលមានគោលដៅដូចៗគ្នានៅក្នុងសហគមន៍ជនជាតិដើមភាគតិច។

កត្ដាចម្បងដែលនាំឲ្យអ្នកចម្រៀងវ័យក្មេងរូបនេះស្រឡាញ់ការតែងនិពន្ធបទចម្រៀងចារ៉ាយ៖ «ដំបូងឡើយគឺខ្ញុំគិតថា ដោយសារយុវជនសម័យថ្មីគាត់អត់សូវចេះភាសាចារ៉ាយច្រើនទេ គឺពួកគាត់រៀងភ្លេចខ្លះៗហើយចឹងទៅ គឺញុមមានគំនិតគិតថា ខ្ញុំចង់និពន្ធចម្រៀងជាភាសាចារ៉ាយ ដើម្បីអោយពួកគាត់បានស្ដាប់ច្រើន ដើម្បីពួកគាត់នៅចេះភាសាចារ៉ាយ» នេះបើតាមការលើកឡើងរបស់ នាគ។

នាគបន្ដទៀតថា ដោយលោកមើលឃើញពីអត្ថប្រយោជន៍តាមរយៈការសសេរបទចម្រៀង ក្នុងគោលបំណងដើម្បីកុំអោយយុវជនសម័យថ្មីបាត់បង់ភាសាដើមកំណើតរបស់ខ្លួន ដោយពួកគេអាចស្វែងរកនៅក្នុងយូធូប (YouTube) ជាដើម។​ ជាការកត់សម្គាល់ បទចម្រៀងដែលមានអ្នកទស្សនាច្រើនជាងគេគឺបទ «Mo Dra Ploi Pak-អូនក្រមុំភូមិណា» មានអ្នកទស្សនាចំនួនជាងមួយសែននាក់នៅលើទំព័រហ្វេសប៊ុក Jarai Youth RTK Group។

ទន្ទឹមនឹងនេះ យុវជននេះបានរៀបរាប់ថា៖ សម្រាប់ដំណើរការសសេរបទចម្រៀងក៏បានជួបបញ្ហាប្រឈមដែរ ព្រោះលោកមិនទាន់មានជំនាញនិពន្ធបទភ្លេងដោយខ្លួនឯង ក្រុមនៅខ្វះខាតធនធានច្រើនក្នុងការផលិតបទចម្រៀង។ ហើយម្យ៉ាងវិញទៀត យុវជនម្នាក់នេះលំបាកបែងចែកពេលវេលារវាងការងារផ្ទាល់ខ្លួន និងសិល្បៈ នេះបើតាមសម្ដីរបស់នាគផ្ទាល់។

សកម្មភាពក្រុមការងារយុវជនចារ៉ាយ កំពុងថតបទវិឌីអូចម្រៀង (រូបភាពៈ សល់ នាគ)

 

យ៉ាងណាមិញ ទោះបីជាដំបូងមិនមានការចាប់អារម្មណ៍ពីទស្សនិកជនក៏ដោយ ក៏យុវជនម្នាក់នេះនៅតែមិនបោះបង់ការតែងនិពន្ធបទចម្រៀងនោះទេ ពីព្រោះរូបលោកផ្ទាល់ស្រឡាញ់បទចារ៉ាយ មានការជម្រុញលើកទឹកចិត្ដពីឪពុកម្ដាយ និងបន្ទាប់មកទើបមានការគាំទ្រពីអ្នកគាំទ្រដោយសារតែពួកគេមើលឃើញពីលក្ខណៈពិសេសនិងប្លែកនៃចម្រៀងជាភាសាចារ៉ាយ។

យុវជនសម័យថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញបេសកម្ម ដើម្បីអភិរក្ស និងលើកកម្ពស់អត្ដសញ្ញាណ ភាសាដើម សិល្បៈ វប្បធម៌របស់ខ្លួននៅថ្ងៃអនាគត ដើម្បីកូនចៅជំនាន់ក្រោយ។ ហេតុនេះ យុវជនសម័យថ្មី ត្រូវធ្វើអ្វីដែលថ្មីៗដើម្បីប្រយោជន៍ជាតិកម្ពុជា។

សូមទស្សនាវិឌីអូរបស់​ សល់ នាគ៖

Leave A Reply

Your email address will not be published.