ព័ត៌មានទាក់ទងជនជាតិដើមភាគតិច

ស្ទឹងត្រែង
21
Jun

អភិបាល​ខេត្ត​ស្ទឹងត្រែង​សន្យា​ជា​ថ្មី​​​ថា នឹងនឹង​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​​រងគ្រោះ​ទំនប់​សេសាន​ក្រោម ២

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​សន្យា​ថា នឹង​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២។ ចំណែក​មេឃុំ​ស្រែ​គ លោក សៀក មេគង្គ ចាត់​ទុក​ការ​សន្យា​របស់​អភិបាល​ខេត្ត​រូប​នេះ​ថា ជា​ការ​ធ្វើ​ដើម្បី​ទាញ​ប្រជាប្រិយភាព​មុន​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ថា អាជ្ញាធរ​ខេត្ត​នឹង​សាងសង់​សាលា​រៀន  ផ្លូវ មណ្ឌលសុខភាព និង ចុះ​បញ្ជី​ដី​សមូហភាព ជួន​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។

ពលរដ្ឋ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​រស់​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន លោកស្រី ស្រាំង ឡាញ់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣១ ខែឧសភា​ថា កិច្ច​ប្រជុំ​រវាង​សហគមន៍ និង​អភិបាល​ខេត្ត​ទទួល​បាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន តែ​ពួក​គេ​នៅ​មិន​ទាន់​ជឿ​ជាក់​បាន​ទាំង​ស្រុង​នោះ​ទេ។ តែ​យ៉ាង​ណា លោកស្រី​ថា សហគមន៍​បាន​ថត​យក​វីឌីអូ ការ​សន្យា​របស់​អភិបាល​ខេត្ត​រូប​នោះ ដើម្បី​ទុក​ជា​ភស្តុតាង និង​ប្ដឹង​អាជ្ញាធរ​ខេត្ត ប្រសិន​បើ​មិន​អនុវត្ត៖ «សង្ឃឹម ៥០​ភាគ​រយ​មិន​ទាន់​សង្ឃឹម ១​រយ​ភាគ​រយ​ទេ។ ដូច​កាល​ខែ២ អភិបាល​ខេត្ត​ជួប​អ៊ីចឹង​ដែរ ដូច​មិន​ឃើញ​រៀបចំ​អី។ ចាប់​តាំង​ពី​បិទ​ទ្វារ​ទឹក​ប្រឈម​ណាស់ បាត់បង់​ធនធាន​ធម្មជាតិ បាត់បង់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ផ្ទះ​សម្បែង​លិច​ទៀត ប្រហែល​រញ្ជួយ​ដួល​មិន​ដឹង​ទេ»។

ស្ត្រី​ដដែល​បន្ថែម​ថា ការ​ពន្យារ​ពេល​មិន​ដោះ​ស្រាយ​សំណង ដែល​ពួក​គាត់​ទាមទារ បង្ក​ឲ្យ​អ្នក​ភូមិ ប្រឈម​បញ្ហា​ច្រើន​រួម​មាន ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​សាលារៀន​នាំ​ឲ្យ​កុមារ​បោះ​បង់​ការ​សិក្សា គ្មាន​មណ្ឌល​សុខភាព និង​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ជា​ដើម។ លោកស្រី​ថា អាជ្ញាធរ​បាន​ផ្ដាច់​ប្រព័ន្ធ​សេវា​ទូរស័ព្ទ បង្ក​លំបាក​ទំនាក់ទំនង​សង្គម ហើយ​កុមារ​នៅ​ភូមិ​ក្បាល​រមាស​ចាស់ ៨០​នាក់​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន។

កាល​ពី​ចុង​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សន្យា​ថា នឹង​កសាង​ភូមិ​ថ្មី​ជូន​ពលរដ្ឋ ដែល​បដិសេធ​មិន​ទទួល​សំណង និង​ផ្តល់​សេវា​សាធារណៈ​ជាដើម។

កាល​ពី​ថ្ងៃ​ទី១១ ខែតុលា អភិបាល​ខែត្រ​ស្ទឹងត្រែង​ លោក ម៉ុម សារឿន ក៏​បាន​ជូន​ដំណឹង​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់​នៅ។

មេឃុំ​ស្រែ​គ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ យល់​ថា ការ​សន្យា​របស់​អភិបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ គឺ​ជា​ការ​ទាញ​ប្រជាប្រិយភាព​មុន​ពេល​បោះ​ឆ្នោត​ច្រើន​ជាង​ការ​អនុវត្ត​គោល​នយោបាយ​សំណង។ លោក​ថា នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ តែ​គ្មាន​លទ្ធផល ដែល​នាំ​ឲ្យ​ពួក​គាត់​បាត់​បង់​ទំនុក​ចិត្ត ហើយ​ទំហំ​ផល​ប៉ះពាល់ កាន់​តែ​រីក​ធំ​ឡើង៖ «កៀក​បោះ​ឆ្នោត​ចាប់​ផ្ដើម​ធ្វើ​ទន់​ភ្លន់ ធ្វើ​ជា​ទេវតា​វិញ មក​ដោះ​ស្រាយ​ជូន​ពលរដ្ឋ។ អា​ហ្នឹង​ហើយ​ខ្ញុំ​ថា អ្វី​ក៏​ដោយ​ធ្វើ​ឲ្យ​គេ​ផល​ប៉ះ​ពាល់​ទាំង​ពីរ​ឃុំ យើង​គួរ​នាំ​គ្នា​ដោះ​ស្រាយ។ ជា​រឿង​នយោបាយ​ទេ សន្យា​ក្នុង​ពេល​សន្លឹក​ឆ្នោត»។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល អង្កេត​ឃើញ​ថា ការ​ស្វែង​រក​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​មាន​ភាព​យឺត​យ៉ាវ។ លោក​ថា បើ​ក្រុមហ៊ុន និង​អាជ្ញាធរ​ផ្តល់​តម្លៃ​ការ​គោរព​សិទ្ធិមនុស្ស គួរ​តែ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល មិន​គួរ​អូស​បន្លាយ​នោះ​ទេ៖ «លោក​អភិបាល​ខេត្ត​ចុះ​ទៅ​ផ្ទះ​សង្ឃឹម​ថា រឿង​ហ្នឹង នឹង​ឆាប់​រហ័ស និង​រលូន​ទៅ​វិញ។ បើ​យើង​នៅ​តែ​ពន្យារ​ពេល​ទៀត គ្មាន​ចំណេញ​ទេ មាន​តែ​ការ​ខាត​បង់។ ខ្ញុំ​គាំទ្រ​ការ​សន្យា​ហ្នឹង»។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែ​គរ ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥២​គ្រួសារ និង​ឃុំ​ស្រែគរ ៥០​គ្រួសារ រាប់​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិន​ទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ៕

ឆ្លើយតប

លោកអ្នកកំពុងឧបត្ថម្ភដល់៖ CIPO

តើលោកអ្នកចង់ឧបត្ថម្ភប៉ុន្មាន?
$10 $20 $30
តើលោកអ្នកចង់ចូលរួមបរិច្ចាគទៀតទាត់ឬទេ? ខ្ញុំចង់បរិច្ចាគ ប៉ុណ្ណោះ
How many times would you like this to recur? (including this payment) *
Name *
នាមត្រកូល
Email *
លេខទូរសព្ទ
អាសយដ្ឋាន
កំណត់សម្គាល់ផ្សេងៗ
paypalstripe
Loading...