08
Aug

ក្រុម​ជាតិ​ដើម​ភាគ​តិច​កម្ពុជា គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក នៅ​ថ្ងៃ​ទី៩ សីហា

ក្រុម​ជាតិ​ដើម​ភាគ​តិច​កម្ពុជា គ្រោង​ប្រារព្ធ​ព្រឹត្តការណ៍ ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក លើក​ទី២៥ ក្នុង​មូលដ្ឋានចំនួន ៣៧ទីតាំង​ផ្សេង​គ្នា ក្នុង​ខេត្ត​ចំនួន ១១ នៅ​ថ្ងៃ​ទី៩ ខែ​សីហា​ខាង​មុខ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិរក្ស​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ប្រឈម​ការ​បាត់បង់។

ពួក​គេ​អះអាង​ថា ទិសដៅ​សំខាន់​នៃ​ព្រឹត្តការណ៍​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​បង្កើត​មជ្ឈមណ្ឌល និង​សាលា​បណ្តុះបណ្តាល​ភាសា និង​អក្សរ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត ដែល​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ច្រើន អនុលោម​តាម​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាតិ។

ការ​ថយ​ចុះ​នៃ​ការ​ប្រើប្រាស់​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ជា​ប្រធាន​បទ ដែល​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច ២៤ អម្បូរ នៅ​ទូទាំង​ប្រទេស​ត្រៀម​ថ្លែង​ជា​សាធារណៈ ក្នុង​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​អន្តរជាតិ​លើក​ទី២៥ លើ​ពិភព​លោក និង​លើក​ទី១៥ នៅ​កម្ពុជា។

ពួកគេរកឃើញថា ភាសា​ជន​ជាតិ​ដើម​ភាគ​តិច កួយ ព័រ និង​សួយ កំពុង​ប្រឈម​ការ​បាត់បង់ ដែល​ជា​ធាតុ​ផ្សំ​នាំ​ឲ្យ​ប្រពៃណី អត្តសញ្ញាណ និង​វប្បធម៌ របស់​ពួក​គេ​ប្រឈម​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ។

ពួក​គេ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​នានា ពន្លឿន​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ក្នុង​សហគមន៍​មូលដ្ឋាន​ជន​ជាតិ​ដើម​ភាគ​តិច សម្រាប់​អភិវឌ្ឍន៍​សហគមន៍ បំណង​ផ្តល់​ឱកាស​ដល់​មនុស្ស​ចាស់ យុវជន និង​កុមារ ទទួល​បាន​ព័ត៌មាន​ស្តីពី​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពី​គ្រប់​មជ្ឈដាន។

ប្រធាន​បណ្តាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ លោកស្រី ទេព ទឹម បារម្ភ​ថា មាន​កត្តា​ជា​ច្រើននាំឲ្យការ​ប្រើប្រាស់​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ថយ​ចុះ រួម​មាន កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ការ​រើសអើង​ជន​ជាតិ​ដើម​ភាគ​តិច និងកង្វះការគាំទ្រជាដើម។ លោកស្រី​ថា ជម្លោះ​ដីធ្លី ការ​បាត់​បង់​ព្រៃ​ឈើ​ធំធេង និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់ជនជាតិដើមភាគតិចរស់នៅ​ ជះឥទ្ធិពលអាក្រក់ ដល់​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌ រួម​ទាំង​ការ​ប្រើប្រាស់​ភាសា​ផង​ដែរ។ លោក​ស្រី​អះអាង​ថា ពួកគេនឹងលើកយកប្រធានបទនេះ ថ្លែងក្នុងទិវាសិទ្ធិជាតិដើមភាគតិច៖ «ធ្វើ​ឲ្យ​ប៉ះពាល់​ភាសា វប្បធម៌ ប្រពៃណី ជំនឿ​សាសនា អត្តសញ្ញាណ មុខ​របប កន្លែង​គោរព​បូជា ព្រៃ​ជម្រក​សត្វ កន្លែង​ឃ្វាល​គោ បាត់បង់​អត្តសញ្ញាណ​ជន​ជាតិ។ វិនិយោគ​ហ្នឹង​បាត់បង់​អត្តសញ្ញាណ​ជន​ជាតិ មុខ​របប ជីវភាព មាន​ចិន​មក​ច្រើន​ធ្វើ​ឲ្យ​យើង​បាត់បង់»

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា នៅ​ថ្ងៃ​ទី៧ សីហា បង្ហាញ​ថា ជន​ជាតិ​ដើម​ភាគ​តិច ១០អម្បូរ ក្នុង​ខេត្ត​ចំនួន ១១ រួម​មាន ជន​ជាតិ​ដើម​ភាគ​តិច​កួយ ព្នង (ពូនង) ទំពួន ចារ៉ាយ ក្រឹង លុន កាវែត កាចក ព័រ សួយ ជង និង​ក្រោល​ជា​ដើម នឹង​ចូលរួម​ទិវា​អន្តរជាតិ ជន​ជាតិ​ដើម​ភាគ​តិច​ពិភពលោក នៅ​តាម​មូលដ្ឋាន​ចំនួន ៣៧ទីតាំង ក្នុង​ភូមិ​ចំនួន ៧៨ ទូទាំង​ប្រទេស។

នៅ​ប្រទេស​កម្ពុជា​មាន​ជន​ជាតិ​ដើម​ភាគ​តិច ២៤អម្បូរ ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​ចំនួន ១១ ហើយ​ខេត្ត ដែល​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ច្រើន​ជាង​គេ គឺ​ខេត្ត​រតនគិរី ព្រះវិហារ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង ពោធិ៍សាត់ កំពងស្ពឺ កំពង់ធំ  និង ខេត្ត​កោះកុង។

ជនជាតិដើមភាគតិចព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឲ្យ​ដឹង​ថា នៅ​ខេត្ត​មណ្ឌលគិរី​មាន​ជន​ជាតិ​ដើម​ភាគ​តិច ១២អម្បូរ ក្នុង​នោះ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ច្រើន​ជាង​គេ។ លោក​ថា ការ​រើសអើង គឺ​ជា​កត្តា​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​អៀន​ខ្មាស់ បង្ខំ​ចិត្ត​ឈប់​និយាយ​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច ជាក់​ស្តែង​ជន​ជាតិ​ដើម​ភាគ​តិច​ខ្លះ បម្រើ​ការងារ​ជា​មន្ត្រី​រាជការ នគរបាល និង​គ្រូ​បង្រៀន​ជា​ដើម​បាន​បង្ខំ​ចិត្ត​ឈប់​និយាយ​ភាសា​ជន​ជាតិ​ដើម​របស់​ខ្លួន៖ «នេះ​ជា​ចំណុច​មួយ​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ដែល​គាត់​និយាយ​ភាសា​ជន​ជាតិ​ដើម ខ្វះ​ការ​លើក​ទឹក​ចិត្ត សាមី​ខ្លួន​មាន​ការ​អៀន​ខ្មាស់។ ទាហាន ប៉េអឹម រាជការ​ផ្សេងៗ គាត់​អត់​ហ៊ាន​និយាយ​ភាសា​ដើម​របស់​គាត់​ទេ ដោយសារមានការសើចចំអក មាន​ការ​រើសអើង ពួក​ព្នង។ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គាត់​ខ្មាស់ ដោយសារ​គាត់​ធ្វើ​ការ មេ​ឃុំ មេ​ស្រុក និង​ចៅហ្វាយ​ខេត្ត​គាត់​អត់​ហ៊ាន​និយាយ គាត់​សុខ​ចិត្ត​បង្ខំ​និយាយ​ភាសា​ខ្មែរ ដើម្បី​បង្ខំ​ឲ្យ​គាត់​សសើរ​គាត់»

កាលពីឆ្នាំ២០០៩ រាជរដ្ឋាភិបាល​បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​វិស័យ​អប់រំ ក្នុង​នោះ​ក្រសួង​អប់រំ​បាន​ចម្រាញ់​យក ភាសា​ជន​ជាតិ​ដើម​ភាគ​តិច ២ ទៅ ៣ ភាសា ដើម្បី​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​សរសេរ​សាក​ល្បង​ត្រឹម​ថ្នាក់​ទី៣ នៅ​ខេត្ត​ភាគ​ឦសាន រួម​មាន ភាសា​ព្នង (ពូនង)  ទំពួន ក្រឹង និង​កួយ។

អគ្គលេខាសម្ព័ន្ធជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក យុន ឡូរ៉ង់ ថ្លែង​ថា ពួក​គេ​នឹង​ជំរុញ​ឲ្យ​ទិវា​នេះ​កើត​មាន​ច្រើន​តំបន់  ក្នុងបំណងពញ្ញាក់​ស្មារតី​ជន​ជាតិ​ដើម​ភាគ​តិច យល់​អំពី​គុណ​តម្លៃ​ការ​ប្រើប្រាស់​ភាសា​របស់​ខ្លួន​ឡើង​វិញ។ លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ព្យាយាម​បញ្ជ្រាប និង​ពន្យល់​ដល់​យុវជន​ជាតិ​ដើម​ភាគ​តិច​ផ្សេងៗ ទៀត ឲ្យ​ចាប់​អារម្មណ៍ និង​អនុវត្ត​ភាសា​របស់​ខ្លួន​ឡើងវិញ។ លើស​ពី​នេះ ពួក​គេ​បាន​ព្រៀង​សេចក្តី​ថ្លែង​ការណ៍​រួច​មួយ រួច​ហើយ ក្នុង​បំណង​ស្នើ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ទទួល​បាន​ការ​អប់រំ​ចំនួន ២ភាសា​ដូច​ជា ភាសា ព្នង និង កួយ ដើម្បី​អភិរក្ស​វប្បធម៌ និង​កសាង​សមត្ថភាព៖ «សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​គ្រប់​អម្បូរ​ទាំង​អស់ គឺ​យើង​ការ​បារម្ភ​ខ្លាំង​រឿង​នេះ។ អ៊ីចឹង​យើង​បាន​ជំរុញ​ឲ្យ​មាន​ការ រៀបចំ​ព្រឹត្តការណ៍​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ពួក​គាត់​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង គាត់​អាច​មើល​ឃើញ ភ្ញាក់​រឭក គាត់​អាច​មើល​ឃើញ ពី​គុណ​តម្លៃហ្នឹង​ឡើង​វិញ។ សមាគម​យុវជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ឬ​អង្គការ​ជន​ជាតិ​ដើម​ភាគ​តិច​ផ្សេងៗ ទៀត គាត់​ព្យាយាម និង​ពន្យល់​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន ដើម្បី​ឲ្យ​គាត់​ចាប់​អារម្មណ៍​ភាសា​ខ្លួន​ឯង​ឡើង​វិញ»

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទំទាស់​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ក៏​ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន​ភូមិ/ឃុំ និង​ត្រូវ​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​មុន​សិន  ដើម្បី​ជួយ​ការពារ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់។ លោក​ថា រដ្ឋាភិបាល​បាន​អនុម័ត​សកម្មភាព​គោរព​សិទ្ធិ​មនុស្ស និង​កំពុង​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌ ទាក់ទិន​សិទ្ធិ​ទទួល​បាន​ការ​វិនិឆ្ឆ័យ និង​សិទ្ធិ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​ស្មើ​ភាព​គ្នា៖ «ជូន​ដំណឹង​សុំ​កិច្ច​សហការ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អត់​ជំទាស់​អី​ទេ តែ​ត្រូវ​សហការ​ជា​មួយ​រដ្ឋបាល​ភូមិ/ឃុំ ដើម្បី​ឲ្យ​គេ​ការពារ​យើង​យ៉ាង​ម៉េចជូន​ដំណឹង​ស្នើសុំ​របស់​គេ គេ​មើល​សកម្មភាព​យើង​យ៉ាង​ម៉េច គេ​អនុញ្ញាត​ឲ្យ​បានៗ បើ​គេ​មិន​អនុញ្ញាត​ឲ្យ ប្រសិន​ជា​រូបភាព​ហ្នឹង​ជា​រូបភាព​មួយ​ផ្សេង​ទៀត ព្រោះ​រដ្ឋបាល​ភូមិ និង​ឃុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ»

សេចក្តីប្រកាស​ជា​សកល​របស់​អង្គការ​សហ​ប្រជាជាតិ ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច មាត្រា១៤ ចែងថា ជន​ជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​បង្កើត គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​ភាសា​របស់​ខ្លួន​ដោយ​ផ្ទាល់​ដោយ​លក្ខណៈ​សម​ស្រប និង​វិធីសាស្ត្រ​តាម​វប្បធម៌​នៃ​ការ​បង្រៀន និងរៀនសូត្ររបស់ពួកគេ។

នៅ​ខេត្ត​មណ្ឌលគិរី ក្រសួង​អប់រំ បាន​បង្កើត​សាលា​បង្រៀន​ភាសា និង​សរសេរ​អក្សរ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ៥ទីតាំង​ផ្សេង​គ្នា។ សាលារៀន​ទាំង​នោះ មាន​បង្រៀន​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច និង​អក្សរ​ចាប់​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី៣។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ចូលរួម​សហការ​សម្រប​សម្រួល ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ប្រារព្វ​ទិវា​នេះ​ដោយ​រលួន ដើម្បី​រូម​ចំណែក​លើក​កម្ពស់​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​ថា កង្វល់​ទាំង​ឡាយ​របស់​ជន​ជាតិ​ដើម​ភាគ​តិច រដ្ឋាភិបាល​គួរ​តែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ និង​រក​វិធីសាស្ត្រ​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ពិសេស ត្រូវ​បើក​ទូលាយ​រាល់​ការ​ផ្សព្វផ្សាយ​ពី​ភាសា និង​អក្សរ​ជន​ជាតិ​ដើម​ភាគ​តិច៖ «រដ្ឋាភិបាល​គួរ​តែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ពី​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​គាត់។ ធ្វើ​ការ​ផ្សព្វផ្សាយ ឬ​ជួយ​អភិរក្ស​តំបន់​ទាំង​អស់​ហ្នឹង កុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក ពី​វប្បធម៌​ផ្សេងៗ ដែលធ្វើឲ្យវប្បធម៌ពួក​គាត់​បាត់បង់ »

លោក យុន ឡូរ៉ង់ បន្ថែម​ថា តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក បាន​ពិភាក្សា​គ្នា​នៅ​អង្គការ​សហ​ប្រជាជាតិ ទាក់ទិន​ការ​ថយ​ចុះ​ភាសា ក្រោយ​ពី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ប្រើប្រាស់​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​ប្រឈម​ការ​បាត់បង់ ដូច​ជា ភាសា កួយ សួយ និង ស្អូច។

របាយការណ៍​របស់​ក្រសួង​ផែនការ​បង្ហាញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​ជា​អម្បូរ​ជន​ជាតិ​ដើម​ច្រើន​ជាង​គេ លំដាប់ថ្នាក់លេខ៣ ក្នុង​ប្រទេស​កម្ពុជា ​និង​កំពុង​រស់​នៅ ខេត្ត​ព្រះវិហារ ស្ទឹងត្រែង សៀមរាប និង ខេត្តកំពង់ធំ៕

ប្រភព៖ https://www.rfa.org/khmer/news/human-rights/Ethnic-minority-groups-to-mark-25th-world-indigenous-rights-08082019072716.html?fbclid=IwAR0q9mJFhxXE7otKIMzbW6a6i4-a97TkkGgCaurndr1QJ21WbglGJ8xsxq4

Leave a Reply

You are donating to : CIPO

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...